(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលំ១ខ្សែប្រវែង១,២០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូចជើង និងភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ជាច្រើនអាណត្តិកន្លងមក បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេគំនរផេះផង់ បន្សល់ពីរបប ប៉ុល ពត មករុងរឿងដូចសព្វថ្ងៃ ពិសេសអាណត្តិទី៥នេះ ហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន មានកាន់តែច្រើន កាន់តែជិត កាន់តែទំនើប និងងាយស្រួលជាងមុន។
ជាថ្មីម្តងទៀត លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ដែលបានរួមគ្នាថែរក្សា សន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពនេះ ឲ្យបានគង់វង្ស ព្រោះថាបើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមត្រៀមឯកសារទៅបោះឆ្នោត ជូនគណបក្សប្រជាជន មានលេខលំដាប់រៀងទី២០ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍នាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកថវិកា សម្ភារ និងអំណោយចែកជូនមាន៖ ជូនប្រជាពលរដ្ឋ ចំនួន៤,០០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១, ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំភ្នំតូច ចំនួន២៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល ក្រម៉ា១ សារ៉ុង១ បំពង់ទឹកក្ដៅ១ មី១០កញ្ចប់ ពិល១ ទឹកដោះគោ២កំប៉ុង ប្រេងកូឡា២ដប ប្រេងខ្យល់ ២ដប អំបិលអ៊ីយ៉ូត តែ កៅអៀក, ជូនសាលាឃុំភ្នំតូច ថវិកា១លានរៀល, ជូនមណ្ឌលសុខភាពភ្នំតូច ថវិកា៥០ម៉ឺនរៀល, ប្រគេនបច្ច័យវត្តសង់ប្រាសាទ (វត្តភ្នំតូច) ១លានរៀល, ជូនសាលាបឋមសិក្សាសាលាឫស្សីក្រោក អគារសិក្សា១ខ្នង ៥បន្ទប់, ជូនសាលាបឋមសិក្សាសង់ប្រាសាទ អគារសិក្សា១ខ្នង ៥បន្ទប់, ជូនស៊ីម៉ង់២០តោន កសាងផ្លូវចូលវត្តអូរញ, ជូនស៊ីម៉ង់១០តោន កសាងសមិទ្ធផលនានា នៅវត្តព្រៃទទឹង ឃុំភ្នំតូច, ជូនស៊ីម៉ង២០តោន កសាងផ្លូវចូលវត្តសង់ប្រាសាទ ភ្នំតូច និងជូនស៊ីម៉ង់២០តោន កសាងផ្លូវចូលទៅស្ថានីយ៍រថភ្លើង៕