(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សមួយបាន ចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ដែរនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាល ប្រសិនបើបក្សរបស់ខ្លួនមានឱកាសការឈ្នះឆ្នោតនាពេលខាងមុខ។
បេក្ខភាពដែលឈរឈ្មោះឲ្យអង្គសមាជបោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ មាន៣រូបរួមមាន៖ លោក សាម អ៉ីន លោក យ៉ង់ សាំងកុមារ និងលោក ឃុន សាវឿន។ ជាលទ្ធផលក្នុងចំណោមអ្នកបោះឆ្នោត ១៤៦សំឡេង លោក យ៉ង់ សាំងកុមារ ទទួលបាន ១២៧សំឡេង, លោក សាម អ៉ីន ទទួលបាន ១២សំឡេង និងលោក ឃុន សាវឿន ទទួលបាន ៧សំឡេង។
តាមរយៈសំឡេងគាំទ្រើលើសពី ៥០+១ នេះ លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាល ប្រសិនបើបក្សនយោបាយដ៏ថ្មីថ្មោងមួយនេះទទួលបានឱកាសឈ្នះឆ្នោតនោះ។
ក្រោយទទួលបានការគាំទ្រ លោក យ៉ង់ សាំងកុមារ បានឡើងប្តេជ្ញាចិត្តក្នុងការបម្រើការងារជូនប្រទេសជាតិ និងប្រជាជន ហើយក៏បានផ្តាំផ្ញើដល់សមាជិកឲ្យធ្វើនយោបាយសន្តិភាពនិយម ដោយផ្សព្វផ្សាយតែគោលនយោបាយរបស់ខ្លួន មិនត្រូវវាយប្រហារបក្សដទៃនោះឡើយ៕