(កណ្ដាល)៖ លោក ណុប រតនៈ អនុប្រធានទី នៃគណៈអចិន្រ្តៃយ៍គណៈពង្រឹងយុវជនស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អមដំណើរដោយក្រុមការងារគណៈអចិន្រ្តៃយ៍គណៈពង្រឹងយុវជនស្រុកកណ្តាលស្ទឹង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសកម្មជន យុវជន កម្មករ កម្មការិនី ចំនួន០៣ឃុំ គឺឃុំអំពៅព្រៃ ព្រែករកា និងឃុំទ្រា សរុបចំនួន១,០២០នាក់ ស្ថិតនៅបរិវេណវត្តកោះខ្នុរ (ឃុំព្រែករកា) ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ថ្លែងក្នុងឱកាសនោះ លោក ណុប រតនៈ បានដាស់តឿនក្រើនរំលឹកដល់សកម្មជន យុវជនទាំងអស់ថា ក្នុងនាមជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យបក្ស ពោលគីត្រូវចេះពន្យល់ ណែនាំ កែតម្រូវដល់យុវជនដូចគ្នា រួមទាំងពុក ម៉ែ បងប្អូនឲ្យយល់ពីគោលនយោបាយដឹកនាំរបស់បក្សប្រជាជន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ចំពោះកម្មករ កម្មការិនីវិញ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមនានាជាប្រចាំ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនដល់បងប្អូនកម្មករ កម្មាការីនីផងដែរ។
បន្ថែមពីនេះ លោក ណុប រតនៈ បានអំពាវនាវដល់សកម្មជន យុវជន កម្មករ កម្មការិនីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយជួយជំរុញក្រុមគ្រួសារ មិត្តភ័ក្រ្តនៅកន្លែងការងារ នៅតាមរោងចក្រនានា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី០៦នេះ និងអាណត្តិបន្តបន្ទាប់ទៀត ព្រោះមានតែគណបក្សប្រជាជន តែមួយគត់ដែលអាចរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ៕