(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានការរៀបចំពិធីសម្ពោធផ្លូវនៅភូមិស្លាបលែង និងសាលាបុណ្យ នៅភូមិត្រពាំងស្យា ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤០០នាក់។ ចូលរួមក្នុងពិធីនេះរួមមានអស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំស្វាយរំពារ លោកអភិបាលរងស្រុកបរសេដ្ឋ មេឃុំ និងមេភូមិផងដែរ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងបានសុខសន្តិភាព២០ឆ្នាំហើយ។ យើងនឹងបន្តបានសុខសប្បាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ យើងអាចជួបគ្នាបាននៅថ្ងៃនេះ ក៏ដោយសារមានសុខសន្តិភាព។ ដោយសារស្រុកយើងមានសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបអ្នកវិនិយោគមកបណ្តាក់ទុនមករកស៊ី ហើយកូនចៅយើងមានការងារធ្វើ។ រាជរដ្ឋាភិបាលខិតខំបង្កើតការងារឱ្យកូនចៅយើងធ្វើ។ ប្រាក់ខែកម្មករប្រមាណ ២លានដុល្លារចូលមកស្រុកបរសេដ្ឋក្នុងមួយខែៗ។
គោលនយោបាយគណបក្សប្រជាជនកម្ពុជាគឺរក្សាសន្តិភាព។ យើងចង់បានសុខសន្តិភាព បន្តការអភិវឌ្ឍ និងបន្តនិរន្តរភាពសង្គម។ អ្នកផ្សេងគេចង់ដណ្តើមអំណាច ដោយការបង្កនូវការរាំងស្ទះការអភិវឌ្ឍ ការលាបពណ៌ និងការបង្កឱ្យមានចលាចល។ ពួកគាត់ទៅប្រាប់បរទេសកុំឱ្យមកវិនិយោគ និងឃោសនាបង្កការរាំងស្ទះដល់ដំណើរការបោះឆ្នោត ហើយស្រែកថាស្នេហាជាតិ។ ជាក់ស្តែង ទង្វើទាំងនោះរបស់ពួកគាត់ជាអំពើក្បត់ជាតិ។
លោកទេសរដ្ឋមន្ត្រី បន្តថា ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ នៅពេលបោះឆ្នោតមានគណបក្សច្រើន ហើយយើងរៀបចំការបោះឆ្នោតជាទៀងទាត់ ៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រលាញ់ប្រជាធិបតេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរងការផាកពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។
ចាប់ពីឆ្នាំ២០១៩ យើងធ្វើច្បាប់ឱ្យកម្មករមានប្រាក់ចូលនិវត្តន៍។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល។ ដូច្នេះយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនយោបាយនេះទៅទៀត។ កម្មកររបស់យើងបានទទួលអត្ថប្រយោជន៍ជាច្រើនកន្លងមក ហើយនឹងបន្តទទួលបានអត្ថប្រយោជន៍តទៅទៀតនៅអាណត្តិខាងមុខ។ ពីឆ្នាំ២០១៨ដល់២០២៣ ប្រាក់ខែកម្មករយ៉ាងតិចនឹងទទួលបាន១លានរៀល។ ដូច្នេះត្រូវបន្តរក្សាសមិទ្ធផលដែលយើងមាន និងអត្ថប្រយោជន៍ដែលយើងទទួលបាន ដោយនាំគ្នាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សមាជិកអង្គពិធីទាំងអស់ថា យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា នាំគ្នាទៅឆ្នោតបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា៕