(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ ហារបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំនោះ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។
អ្នកតំណាងរាស្ត្រ ជា អឿង ដាក់កំហិតបែបនេះ បានធ្វើឡើងក្នុងឱកាសចុះសួសុខទុក្ខប្រជាពលរដ្ឋ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ និងក្រុមការងារនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សកម្មភាពនេះ ធ្វើឡើងនារសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះ លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។
លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពចូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម តាមរយៈបដិវត្តពណ៌មាននៅកម្ពុជាជាដាច់ខាត។
លោកបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង។
លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ ភាពសុខសាន្ត បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូតលាស់បន្តទៀត និងទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕