(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវខិតខំយកចិត្តទុក ដាក់ថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោកបានបន្តថា ជាពិសេសប្រជាពលរដ្ឋនៅឃុំកោះរកា ឃុំគរគ និងនៅទូទាំងស្រុកកំពង់សៀម អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា នាពេលខាងមុខ ដែលមានលេខរៀងទី២០ ដើម្បីផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសកម្ពុជានៅ អាណត្តិក្រោយៗ បន្ថែមទៀត។
ការអំពាវនាវ របស់ប្រធានក្រុមការងាររូបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ខណៈលោកបានអញ្ជើញចុះជួបសំណេះសណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួនជាង ២០០០នាក់ ដែលបានអញ្ជើញមកពីឃុំកោះរកាមានចំនួន ៧ភូមិ និងឃុំគរគរមាន ៤ភូមិនៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថិតក្នុងបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ប្រធានក្រុមការងារចុះជួយឃុំ លោកអភិបាលរងខេត្ត សមាជិកក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក ផន ផូ មេឃុំកោះរកា បានអានរបាយការណ៍ ស្វាគមន៍ជូនអង្គពិធីជ្រាបដោយសង្ខេប ពីការរីកចម្រើននៅទូទាំងឃុំរួចមក លោក វេង សាខុន បានធ្វើការសំណេះសំណាលសាកសួរ សុខទុក្ខប្រជាពលរដ្ឋ និងបានពាំនាំមកជូននូវការផ្តាំផ្ញើ សាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមាន វត្តមាននៅទីនេះ និងនៅទូទាំងស្រុកកំពង់សៀម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូ យកចិត្តទុកដាក់ពីបញ្ហាជីវភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកប្រធានក្រុមការងារ បានជម្រាបជូនអង្គពិធីដោយសង្ខេបពីការអភិវឌ្ឍប្រទេសជាតិជាជំហានៗ ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត៤០ឆ្នាំ ដោយបានរំដោះ ប្រទេសចេញពីសង្រ្គាមស៊ីវិល អសន្តិសុខ គ្មានសុវត្ថិភាព ភាពក្រីក្រ ពលរដ្ឋគ្មានការងារធ្វើ មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អជាបណ្តើរៗ។
លោកបញ្ជាក់ថា «ដោយសារប្រទេសយើងទទួលបានសុខសន្តិភាព ស្ថិរភាពសង្គមបានល្អនេះហើយ បានជាធ្វើឲ្យប្រទេសយើង ទទួលបានការរីកចម្រើនផ្នែកសេដ្ឋកិច្ចល្អប្រសើរ ព្រមទាំងបាន និងកំពុងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាជំហានៗ ធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលឲ្យបានកាន់តែល្អប្រសើរ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលចង់ឲ្យប្រទេសយើងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០»។
លោកបានបន្តទៀតថា ឈានទៅសម្រេចបាននូវ ទស្សនវិស័យនេះ រាជរដ្ឋាភិបានបានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញ អំពាវនាវអ្នកវិនិយោគទុន សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ត សាងសង់រោងចក្រគ្រប់ប្រភេទក្នុងបំណងបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក និងបង្កើនការនាំចេញកសិផលកែច្នៃដែលមានគុណភាព សុវត្ថិភាពឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។
ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានរម្លឹកជូនសមាជិកក្រុមការងារថ្នាក់កណ្តាល ត្រូវអនុវត្តន៍គោលនយោបាយក៣ (កើត ការ និងការទទួលមរណភាព) ដោយត្រូវជួយឧបត្ថម្ភ ១០ម៉ឺនរៀលសម្រាប់ពិធីនីមួយៗ ហើយសុំឲ្យអាជ្ញាធរមូលដ្ឋានចុះមកធ្វើសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពដល់ទីកន្លែងដោយគ្មានយកសេវា។
ជាមួយគ្នានេះដែរ លោកបានជួយឧបត្ថម្ភថវិកាចំនួន ៤លានរៀល សម្រាប់រៀបចំពិធីស្រាយបូសរបស់ប្រជាពលរដ្ឋខ្មែរ-ឥស្លាម និងជួសជុលផ្លូវប្រវែង ៤០០ម៉ែត្រ។ លោកក៏បានចំណាយ ៣០លានរៀលសម្រាប់ឧបត្ថម្ភអ្នកចូលរួម និងការចំណាយផ្សេងៗ កសាងបណ្ណាល័យចំនួន ៤លានរៀល និងឧបត្ថម្ភជូនគណៈកម្មការអាចារ្យ ចំនួន៤៨វត្ត ទូទាំងស្រុកសរុប ៤,៨លានរៀន កុំព្យូទ័រ ព្រមទាំងម៉ាស៊ីនព្រីន ចំនួន៤គ្រឿង និងសម្លៀកបំពាក់ប្រជាការពារ ៣៥សម្រាប់ផងដែរ៕