(ភ្នំពេញ)៖ ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនផលិតស្រានាំមុខគេលំដាប់ទី២ នៅលើពិភពលោក បានកំណត់យកថ្ងៃទី៧ ខែមិថុនា ដើម្បីរួមចំណែកក្នុងការងារសង្គម (Responsib’All Day) នៅក្រោមប្រធានបទ «ការរស់នៅប្រកបដោយភាពរីករាយជាមួយនឹងពិភពលោកដែលស្រស់បំព្រង» ក្រោមការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនជាង ១៨,៥០០នាក់ ទូទាំងពិភពលោក។
បុគ្គលិកមកពីក្រុមហ៊ុនបុត្រសម្ព័នជាង៨៥នៅទូទាំងពិភពលោក បានចូលរួមគម្រោងសហគមន៍ក្នុងស្រុកជាង១០០គម្រោង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ពួកគេចំពោះសង្គម។
ក្រុមហ៊ុន Pernod Ricard បានចូលរួមសហការជាមួយនឹងដៃគូរបស់ខ្លួនក្នុងគម្រោង Impact ២០៣០ ដែលជាគម្រោងមួយជំរុញឲ្យមានការចូលរួមសហការពីវិស័យឯកជន សង្គមស៊ីវិល ក្នុងការប្តេជ្ញាអនុវត្តនូវគោលដៅទំាំង១៧ចំនុច របស់អង្កការសហប្រជាជាតិ ដែលមានឈ្មោះថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។ ទន្ទឹមគ្នានេះដែរ សម្រាប់ឆ្នំាទី៨ នេះដែរ ក្រុមហ៊ុន Pernod Ricard បានសម្រចជ្រើសយកប្រធានបទ «ទឹកស្អាត និងអនាម័យស្អាត» ដែលជាគោលដៅទី១៥ នៃកម្មវិធីរបស់អង្គការសហប្រជាជាតិ ដោយផ្អែកលើហេតុផលមួយថា ទឹកគឺជាវត្ថុធាតុដើម ដែលសំខាន់បំផុតក្នុងការផលិតនូវផលិតផលស្រារបស់ក្រុមហ៊ុន។
លោក Alexandra Ricard អគ្គនាយក និងនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា «ចីរភាពអាចកើតមានបាន លុះត្រាតែមានអ្នកចូលរួមការពារ។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបុគ្គលិករបស់ក្រុមហ៊ុន បានបង្កើត និងរួមចំណែកក្នុងកម្មវិធីរបស់សង្គម ជាពិសេសដើម្បីបរិស្ថានដែលយើងកំពុងរស់នៅ»។
ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Pernod Ricard Cambodge (PR CAM) បានសហការជាមួយសមាគមសហគ្រិនឯកជន ដែលមានឈ្មោះថា Plastic Free Cambodia (PFC) បានរៀបចំនូវកម្មវិធីរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច។ Plastic Free Cambodia បានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងបេសកកម្មមួយក្នុងការផ្សព្វផ្សាយ អប់រំ និងណែនាំឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជា យល់អំពីផលប៉ះពាល់នូវការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា។ ដោយសហការជាមួយស្ថាប័ន និងក្រុមហ៊ុនឯកជន Plastic Free Cambodia បានបំផុសនូវស្មារតីសាធារណជន ក្នុងការកាត់បន្ថយ និងគ្រប់គ្រងនូវកាកសំណល់ថង់ប្លាស្ទិច ក្នុងការរស់នៅប្រចាំថ្ងៃ ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Pernod Ricard Cambodge បានសហការជាមួយនឹងផ្សារទំនើបធំៗចំនួនបួននៅក្នុងទីក្រុងភ្មំពេញដែលមានដូចជា ផ្សារទំនើបម៉ាក្រូ ថៃហួត ឡាក់គី និង Circle K ក្នុងការរំណែនាំអ្នកប្រើប្រាស់នូវរបៀបងាយៗពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ដោយផ្តល់ជូននូវអតិថិជនរបស់ផ្សារទំនើបនីមួយៗនូវថង់ទិញឥវ៉ាន់ ដែលអាចប្រើបានច្រើនដង សម្រាប់ការទិញទំនិញលើកក្រោយផងដែរ។ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីអប់រំនិងផ្សព្វផ្សាយ សម្រាប់អ្នកលក់ដុំ និងរាយរបស់ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ ក្នុងការការពារបរិស្ថាន និងផ្តល់ជូននូវវិធីសាស្រ្តក្នុងការកាត់បន្ថយថង់ប្លាស្ទិចនៅក្នុងអាជីវកម្មរបស់ពួកគាត់ ។
លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge បានបញ្ជាក់ពីតួនាទីសំខាន់របស់វិស័យឯកជន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចថា «ការការពារបរិស្ថាននៅជុំវិញខ្លួនយើង ស្មើនឹងការផ្តល់នូវការយកចិត្តទុកដាក់ដល់អតិថិជនរបស់យើងផងដែរ។ គោលដៅរបស់យើងអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមចំណែកយ៉ាងសកម្ម ដែលចូលរួមសហការពីសហគមន៍ដើម្បីបង្កើតឲ្យមានកម្មវិធីកាត់បន្ថយនូវការប៉ះពាល់បរិស្ថានប្រកបដោយប្រសិទ្ធភាព ហើយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចពេលនេះ នឹងបង្កើតឲ្យមាននូវស្ថេរភាព សម្រាប់ការរស់នៅប្រកបដោយសុខមាលភាពដល់អ្នកជំនាន់ក្រោយ»។
គួរបញ្ជាក់ផងដែរថា Responsib’All Day គឺជាកម្មវិធីរួមចំណែកក្នុងការងាររបស់សង្គម ក្នុងគោលបំណងរយៈពេលយូរ ដែលក្រុមហ៊ុន Pernod Ricard Cambodge បានរៀបចំឡើងជាសកម្មសង្គមជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនបានបើកជាផ្លូវការនៅប្រទេសកម្ពុជា៕