Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនតំណាងរាស្ត្រ​ខេត្តកំពតជាឥស្លាម ​នាំយកអំណោយប្រគល់ជូន​ពលរដ្ឋ២៥០គ្រួសារ និងថវិកាមួយចំនួន ជូនសាសនិកឥស្លាម ក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ​

10-06-2018 10:30

(កំពត)៖ គណចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ​សហការជាមួយ​គណៈអ៊ីម៉ាំខេត្តកំពត និងសម្ពន្ធ័យុវជនមុស្លីមកម្ពុជាខេត្តកំពត រសៀលថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកា (ហ្សាកាត់) ពីសប្បុរសជនជន នៃប្រទេសម៉ាឡេស៊ី ផ្តល់ជូនគ្រួសារខ្មែរឥស្លាម ចំនួន២៥០គ្រួសារ ចំណុះឲ្យព្រះវិហារឥស្លាមភូមិព្រៃថ្នងខាងជើង ព្រៃថ្នងខាងត្បូង ទ្វារថ្មី អូរលួស ចក្រីទីង ស្ថិតក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

លោក អ៊ីត ហ៊ីម ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពត បានបញ្ជាក់ថា អំណោយទាំងនេះ គឺបានមកពីការបរិច្ចាគរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងការចូលរួមចំណែកជាមួយសហគមន៍ឥស្លាមកម្ពុជា ពិសេសសម្រាប់សាសនិកខេត្តកំពត។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ម៉ាត់ សេត បេក្ខជនតំណាងរាស្ត្រខេត្តកំពត និងជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋសាសនិកឥស្លាមទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកន្លងមក​។ ជាមួយគ្នានេះ លោកក៏បានបង្ហាញអំពី សមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានផ្តល់ជូនមកលើសហគមន៍ឥស្លាមទាំងមូល ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវឲ្យសាសនិកឥស្លាមទាំងអស់ ត្រូវតែនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​នេះ ដើម្បីបានសម្តេច​តេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព សេរីភាព វឌ្ឍនភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះ ក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខចាស់ជរាចំនួន២០គ្រួសារ នៅតាមផ្ទះ​ដោយបានផ្តល់ថវិកាចំនួន​សរុប១,០០០,០០០រៀល និងផ្តល់ថវិកាចំនួន២,១១៤,៥០០រៀល ជូនវិហារព្រៃថ្នងខាងជើង និងស៊ូរ៉ាវព្រៃថ្នង សម្រាប់រៀបចំពិធីស្រាយបួសរ៉ាម៉ាឌននាពេលល្ងាចនេះផងដែរ៕