(កំពង់ចាម)៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) សាខាខេត្តកំពង់ចាម ដែលមានលោក ស្លេះ ពុនយ៉ាមីន ជាប្រធានសាខាខេត្ត នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ រៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន ដែលមានការអញ្ជើញជាអធិបតីពីសំណាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល ស.យ.ម.ក និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
ពិធីនេះរៀបចំឡើងនៅបរិវេណ ព្រះវិហារឥស្លាមចាមៀកក្រុងកំពង់ចាម ដែលមានការចូលរួមពី លោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក៏ដូចជាយុវជន មហាជនក្នុងខេត្ត និងតំបន់ជុំវិញ ប្រមាណ១២០០នាក់។
លោក គួច ចំរើន បានថ្លែងការកោតសរសើរ ដល់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលកំពុងមានសកម្មភាពផលផុស នៅស្ទើរគ្រប់សាខាទូទាំងប្រទេស សម្រេចបានការបង្រួបបង្រួមកម្លាំងយុវជនខ្មែរឥស្លាម ឲ្យមានឆន្ទៈចូលរួមក្នុងកិច្ចការសង្គម ក៏ដូចជាការសហការធ្វើកិច្ចការងារនេះបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សហគមន៍។
លោកអភិបាលខេត្ត ក្នុងនាមអជ្ញាធរខេត្តបានបង្ហាញសុទិដ្ឋិនិយម ចំពោះសេវារដ្ឋបាលសាធារណៈផ្សេងៗ របស់ខេត្ត ដែលបាននិងកំពុងតែចូលរួមសម្រេច បានជាផ្លែផ្កាជាច្រើន សំដៅការដោះស្រាយកង្វល់ផ្សេងៗ របស់សហគមន៍ ដោយមិនមានការរើសអើងពីជាតិសាសន៍ និងសាសនាអ្វីឡើយ។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ លើកឡើងថា ពិធីទទួលទានអាហារស្រាយបួស គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលនានា របស់សហគមន៍ឥស្លាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ដែលពិធីបែបសាសនាមួយនេះផ្ទាល់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឲ្យទៅជាកម្មវិធីថ្នាក់ជាតិ ជារៀងរាល់រាល់ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីមហាជន រាប់ពាន់នាក់រៀងរាល់ឆ្នាំ។
សម្រាប់ឆ្នាំ២០១៨នេះ គឺជាលើកទី៥ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរៀបចំហើយសម្តេចទាំងទ្វេរបានផ្តល់កិត្តិយស អញ្ជើញចូលរួមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមជិត៥០០០នាក់ ហើយត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានកោតសរសើរពីការដឹកនាំដ៏ល្អ របស់ប្រមុខដឹកនាំកម្ពុជា។
សូមជម្រាបថា នៅសល់ប្រមាណមួយសប្តាហ៍ទៀត ពិធីបួសរ៉ាម៉ាឌន នឹងត្រូវបង្គប់មួយខែ ហើយក៏នឹងមានពិធីបុណ្យបញ្ចប់បួសរ៉ម៉ាឌន (Eid Fitri) សម្រាប់អ្នកកាន់សាសនាឥស្លាម ទូទាំងសកលលោក លោក អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ខ្មែរឥស្លាម បានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងជនរួមជាតិទាំងអស់ សូមទទួលបាននូវប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងសុខភាពល្អបរិបូរណ៍ សប្បាយរុងរឿង ចម្រុងចម្រើន កុំបីខាន៕