(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ដែលជាប់ចោទថា បានចាប់រំលោភលើនារីម្នាក់តែមិនសម្រេច។
លោក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស សុភាព អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ។
លោកអធិការបន្តថា កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីនៅក្នុងភូមិដោយមាន មិត្តភ័ក្ត្រចូលរួមជាមួយ រហូតដល់ម៉ោង១១យប់ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លុះពេលយប់ជ្រៅ ជនសង្ស័យបានលបទៅតោងជញ្ចាំងចូលក្នុងផ្ទះរបស់នារីរងគ្រោះ បម្រុងធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែនៅពេលនោះនារីរងគ្រោះដឹងខ្លួន ក៏បានស្រែកផ្អើលឆោឡោ ហើយជនសង្ស័យក៏លោតចេញពីក្នុងផ្ទះគេចខ្លួនបាត់។
រហូតដល់ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕