(ភ្នំពេញ)៖ ការមានជំនឿលើបាបបុណ្យតាមការអប់រំទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គឺជាចំណែកដ៏ធំសម្រាប់អប់រំទូន្មានមនុស្សខ្មែរឲ្យចាកឆ្ងាយ ពីអំពើព្រៃផ្សៃទាំងឡាយទាំងពួងបន្ថែមពីលើច្បាប់រដ្ឋដែលបានកំណត់។ ប៉ុន្តែបច្ចុប្បន្នដ្បិតតែវិស័យព្រះពុទ្ធសាសនាបានរីកចម្រើន មានវត្តច្រើនវិហារធំៗ តែជំនឿបាបបុណ្យក្នុងមនុស្សសម័យថ្មីមិនរឹងមាំនោះទេ រួមផ្សំនឹងសកម្មភាពមិនគួរកើតមានរបស់សាវ័កព្រះសាមណគោត្តមផងនោះ ធ្វើឲ្យមនុស្សខ្មែរសម័យថ្មីស្រកស្រុតកាន់តែខ្លាំងទៅលើជំនឿបាបបុណ្យ នរកអវចី ដែលមានក្នុងព្រះពុទ្ធោវាទ។
ការធ្លាក់ចុះនៃជំនឿបាបបុណ្យ ការមិនជឿថាមានឋាននរកអវចីតាមព្រះពុទ្ធោវាទ បានធ្វើឲ្យមនុស្សខ្មែរខ្លះកាន់តែឃោរឃៅសាហាវព្រៃផ្សៃគួរឲ្យខ្លាច។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បុរសម្នាក់នៅក្នុងសង្កាត់សាលាក្រៅ ក្រុងបៃលិន ខេត្តប៉ៃលិន បានលើកដៃវាយដំសម្លាប់ម្តាយ និងប្អូនស្រីបង្កើតរបស់ខ្លួនឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រៅពីករណីនេះទៅគេធ្លាប់បានឃើញទង្វើព្រៃផ្សៃដូចករណីខាងលើជាច្រើនករណីទៀត ក៏បានកើតមានក្នុងសង្គមខ្មែរផងដែរ។ តាមរយៈទង្វើព្រៃផ្សៃគ្មានស្គាល់បាបបុណ្យ មិនខ្លាចធ្លាក់នរកអវចីទាំងអស់នេះ បានស្តែងឲ្យឃើញថា មនុស្សខ្មែរបច្ចុប្បន្នមានជំនឿកាន់តែទាបទៅលើព្រះពុទ្ធោវាទដែលបានសម្តែងថា ការសម្លាប់ឪពុកម្តាយឯងនេះ នឹងធ្លាក់ទៅឋាននរកអវិចីនោះ។
ដូច្នេះការប្រឹងប្រែងបង្កើនជំនឿរបស់ខ្មែរក្នុងព្រះពុទ្ធសាសនា ជារឿងគួរផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជាការរួមចំណែកទប់ស្កាត់អំពើព្រៃផ្សៃមួយចំនួននៅក្នុងសង្គម បន្ថែមពីលើទម្ងន់នៃច្បាប់របស់រដ្ឋ។
ការបង្កើនជំនឿរបស់ខ្មែរក្នុងព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំនោះ ការផ្សព្វផ្សាយអំពីព្រះពុទ្ធោវាទរបស់សម្មាសម្ពុទ្ធគួរតែធ្វើឲ្យបានកាន់តែខ្លាំងក្លា និងទូលំទូលាយបំផុត, វិន័យរបស់ព្រះសង្ឃជាសាវ័ក និងជាឧត្តមភេទ គួរត្រូវបានពង្រឹងឲ្យបានខ្ពស់ ដើម្បីចៀសវាងទង្វើមិនគួរគម្បីមិនសមភ្នែកពុទ្ធបរិស័ទ ដែលធ្វើឲ្យកាន់តែអស់ជំនឿលើព្រះពុទ្ធសាសនា។ បន្ថែមពីលើការបញ្ចូលកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា បង្រៀនអប់រំដោយព្រះសង្ឃគួរតែមាននៅតាមសាលាពីថ្នាក់បឋមឡើងទៅ ដើម្បីឲ្យមនុស្សសម័យថ្មីបានជ្រួតជ្រាប និងផ្សារភ្ជាប់បានកាន់ តែខ្លាំងជាមួយព្រះពុទ្ធសាសនា។
ការសាងសង់វត្តកាន់តែច្រើន សង់ព្រះវិហារកាន់តែធំ បានបង្ហាញពីភាពរឹងមាំផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកសាសនា តែមិនមានមានន័យថា ជាភាពរឹងមាំនៃជំនឿរបស់មនុស្សខ្មែរក្នុងព្រះពុទ្ធសាសនានោះឡើយ។