(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ រំលឹកដល់អ្នកគាំទ្រឱ្យចងចាំលេខរៀងទី២០ ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាចុងខែកក្កដា ខាងមុខ។ ជាមួយនេះគ្នា សម្តេចបានចាត់ទុកថា លេខរៀងទី២០ គឺជាលេខរៀងធំជាងគេបង្អស់ ហើយឈ្នះគេផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ គឺជាលេខធំ ជាងគេទាំងអស់ (ឈ្នះគេ) ហើយស្រួលចំណាំ, ស្រួលគិត, និងស្រួលគូស។ លេខរៀងទី២០ នេះក៏ជាលេខតំណាងអោយខួបលើកទី២០ នៃសន្តិភាពពេញលេញដែលកម្ពុជាបានទទួលក្រោមនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨)។ លេខរៀងទី ២០ គឺពិតជាបង្ហាញនូវលាភជ័យនៃឆន្ទៈពិតប្រាកដជាប្រវត្តិសាស្រ្ត របស់ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍជាធំសម្រាប់ប្រទេសជាតិយើងទាំងមូល»។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «យើងចងចាំលេខរៀងទី២០ ហើយចូលរួមបោះឆ្នោតជូន “គណបក្សប្រជាជន” ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ទាំងអស់គ្នា! ជូនពរបងប្អូនជនរួមជនរួមជាតិ និងកូនក្មួយយុវជនសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ»។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕