(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងឲ្យដឹងថា តាមចិញ្ចើមមហាវិថីព្រះនរោត្តម ចាប់ពីវត្តភ្នំ រហូតដល់វិមានឯករាជ្យ នឹងរៀបចំក្រាលការឺឡាថ្មី ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមមហាវិថីនេះផង និងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកថ្មើរជើងផងដែរ។
បើតាមការជូនដំណឹងរប់សក្រសួងសាធារណការ បានបញ្ជាក់ថា ការរៀបចំការឺឡានេះ នឹងមានរៀបចំឲ្យគំនូសផ្លូវសម្រាប់ជនពិការផងដែរ ដែលជាការជួយឲ្យជនពិការអាចធ្វើដំណើរតាមចិញ្ចើមមហាវិថីនេះកាន់តែងាយស្រួល។
ជាការកត់សម្គាល់បច្ចុប្បន្នរាជធានីភ្នំពេញបាននិងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាទាំងសួនច្បារសាធារណៈ ការរៀបចំសណ្តាប់ធ្នាប់តាមដងវិថី ការរៀបចំគំនូសផ្លូវជាដើម ដែលជាការរួមចំណែកជួយលើកសម្រស់រាជធានីភ្នំពេញកាន់តែស្រស់ស្អាត។
ការរៀបចំចិញ្ចើមមហាវិថីព្រះនរោត្តមនេះ ក៏ជាការរួមចំណែករៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងរាជធានីភ្នំពេញ ជួយលើកសោភ័ណភាពផង ហើយក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលចូលចិត្តធ្វើដំណើរថ្មើរជើងផងដែរ៕