(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ក្រោយពីបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ប្រើដាវគំរាម ប្លន់យកម៉ូតូ) ០១គ្រឿងម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CY-7925 ។
សកម្មភាពប្លន់យកម៉ូតូនេះ បានប្រព្រឹត្តឡើង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ វេលាម៉ោងប្រហែល ១៥៖៣០នាទី នៅចំណុចមុខផ្ទះសំណាក់សុខសប្បាយ ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង ហុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រកាត់ដេរ។
ជនសង្ស័យទី១ឈ្មោះ ឡុង សារ៉េត ហៅបិនធេន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវ៣៧១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ជនសង្ស័យទី២ឈ្មោះ ឈុន ដេវីដ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួល ផ្លូវ៣៧១ ម្តុំសរឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ និងជនសង្ស័យទី៣ឈ្មោះ ហែម បញ្ញារិទ្ធ ហៅដូណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (មានផ្ទុកសារធាតុញៀន) ជាអ្នកសមគំនិតក្នុងអំពើប្លន់។
ក្រោយពីធ្វើការសាកសួរតាមជំនាញ ជនសង្ស័យឈ្មោះ ឡុង សារ៉េត និងឈ្មោះ ឈុន ដេវីដ បានសារភាព ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស នៅចំណុចមុខផ្ទះសំណាក់សុខសប្បាយ ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ហើយក្រោយពេលប្លន់ម៉ូតូម៉ាក Nex ខាងលើបានសម្រេច គឺឈ្មោះ ឈុន ដេវីដ បានឲ្យឈ្មោះ ហែម បញ្ញារិទ្ធ និងឈ្មោះ វ័ន្ត ជិះយកទៅលក់។
បន្ទាប់កមកឈ្មោះ ដូណា និងឈ្មោះ វន្ត័ មិនបានប្រាប់មកវិញថាលក់បាន តម្លៃប៉ុន្មានទេ រួចគេចខ្លួនរហូត។ ដោយឡែក សំភារៈវត្ថុតាងដកហូតរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Today ពណ៌ត្រួយចេក គ្មានស្លាកលេខ (ម៉ូតូជិះធ្វើសកម្មភាព) និងស្លាកលេខសំគាល់ ម៉ូតូរបស់ជនរងគ្រោះ ០១បន្ទះ លេខភ្នំពេញ 1CY-7925 ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ទៀតឈ្មោះ វន្ត័ បានគេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងខាងលើ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕