(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ «ជាអង្គភាពសាធារណៈមួយ ដែលត្រូវបានទទួលស្គាល់ លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធ ក៏ដូចជាការបញ្ជ្រាបព័ត៌មានពន្ធដារ» ដោយធ្វើឱ្យការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសារពើពន្ធកាន់តែ មានប្រសិទ្ធភាព គុណភាពខ្ពស់ រហ័ស សាមញ្ញ ស័ក្តិសិទ្ធភាព គួរឱ្យទុកចិត្ត ក្នុងន័យ ថា ប្រព័ន្ធពន្ធដារកម្ពុជា កាន់តែសាមញ្ញ ងាយស្រួលសម្រាប់អ្នកជាប់ពន្ធ ប៉ុន្តែលំបាក់ក្នុងការគេចវេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) នៅសណ្ឋាគារសុខា អង្គរ រីស៊ត ខេត្តសៀមរាប ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល ក៏បានបញ្ជាក់ផងដែរថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាលនិងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ ចាប់តាំងពី ២០១២ អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការច្បាប់កំណត់ ជាពិសេសឆ្នាំ ២០១៧នេះ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន១១៣% នៃផែនការច្បាប់។
លោកបញ្ជាក់ថា ជាលទ្ធផលសម្រេចបាននេះ ក្នុងបរិបទមួយដែល គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១៖ មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ទី២៖ មានតែពង្រឹងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់ ទី៣៖ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលដែលមានស្រាប់ និងទី៤៖ ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅនៃការប្រមូលចំណូលកំណត់ដោយច្បាប់ត្រូវបានកើនឡើងក្នុងរង្វង់ប្រមាណ ២០% ពីមួយឆ្នាំទៅមួយឆ្នាំ។
អគ្គនាយករូបនេះ ក៏បានលើកឡើងពីជាបច្ចុប្បន្នភាព និងក្នុងគោលដៅផ្តល់សេវាល្អប្រសើរបន្ថែមទៀត ជូនអ្នកជាប់ពន្ធ ជាពិសេស ការបន្តធ្វើទំនើបកម្មពន្ធដារ និងបង្កើនការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធតាមដានរំហូរឯកសារចេញ-ចូល (Tracking Documents System), សេវា Call Center ទូរស័ព្ទលេខ ១២៧៧, GDT Live Chat ក្នុងន័យពង្រឹងសេវា និងការឆ្លើយតបនានាជូនអ្នកជាប់ពន្ធឱ្យបានប្រសើរ, ការបង់ពន្ធតាមប្រព័ន្ធធនាគារ និងបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-Payment), កម្មវិធីពិនិត្យលិខិតសវនកម្ម (Audit Checking Application) តាមរយៈទូរស័ព្ទដៃ ដែលអាចទាញយកពី Appstore ឬ Playstore ដោយឥតគិតថ្លៃ និងបំពេញនូវព័ត៌មានដែលតម្រូវ។ បន្ថែមពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនិងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) បន្ថែមពីលើការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក E-Payment ដែលកំពុងបានដាក់ឱ្យប្រើប្រាស់។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានថ្លែងអំណគុណចំពោះលោក គង់ វិបុល និងវាយតម្លៃខ្ពស់ ចំពោះការផ្តល់នូវការគាំទ្រដល់វិស័យឯកជន ក្នុងការពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង សមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធតូចមធ្យម និងអ្នកជាប់ពន្ធតូច តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងអនុវត្តជាពិសេស ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕