(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួររបស់ បណ្តាញព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News  នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានស្នើឱ្យតុលាការកម្ពុជា ចាត់ការចំពោះ លោក សម រង្សី មេចលនាសង្រ្គោះជាតិ ដែលហ៊ានប្រមាថចំពោះ ព្រះរាជសារព្រះមហាក្សត្រ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ចំពោះករណីនេះ លោក សេង សុខេង បានហៅ លោក សម រង្ស៊ី ថាជាជនក្បត់ជាតិ។

ប្រធានគណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធករណី ទណ្ឌិតសម រង្សី អាចោរ
ពានវាំងប្រមាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ប្រទានរាជសារ ដល់ជនរួមជាតិទូទាំងប្រទេស ឲ្យទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីកសាង និងក្រាលផ្លូវប្រជាធិបតេយ្យពិតៗ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងទទួលយកបាននោះ គណបក្សសញ្ជាតិកម្ពុជា សូមស្នើតុលាការចាត់ការជនក្បត់ជាតិ តត្រកូល អា! ចោរពានវាំង ទណ្ឌិតសម រង្សី អាយួនបង្កប់នេះ និងធ្វើបច្ចាប័ណ្ណ នាំខ្លួនទណ្ឌិត ពានវាំង ក្បត់ជាតិ សម រង្សីមកដាក់គុគស្រុកខ្មែរទើបត្រឹមត្រូវ»។

ទន្ទឹមនឹងស្នើឱ្យចាត់វិធានការចំពោះ លោក សម រង្ស៊ី ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតនេះដែរ គណបក្សសញ្ជាតិកម្ពុជា ក៏បានស្នើជនរួមសញ្ជាតិ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា តាមព្រះរាជសារ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយ ដោយអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស។

បន្ទាប់ពីមានព្រះរាជសារព្រះមហាក្សត្រ យ៉ាងដូច្នេះ លោក សម រង្ស៊ី បានចេញមុខប្រតិកម្មភ្លាមៗ នៅលើបណ្តាញសង្គម ​Facebook ថាព្រះរាជសារនោះ គឺជាព្រះរាជសារក្លែងក្លាយតែប៉ុណ្ណោះ ខណៈដែលព្រះបរមរាជវាំង បានចេញមកបញ្ជាក់ថា នេះជាព្រះរាជសារពិតឥតក្លែងក្លាយយ៉ាងណាក៏ដោយ។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕