(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា លោកគ្រូ អ្នកគ្រូ នៅក្នុងវិស័យអប់រំត្រូវបានយើងគ្រប់គ្នា ចាត់ទុកថាជាឪពុកម្ដាយទី២ បន្ទាប់ពីឪពុកម្ដាយទី១ ជាអ្នកផ្តល់កំណើតចិញ្ចឹម បីបាច់ថែរក្សា បន្ទាប់មក គឺលោកគ្រូអ្នកគ្រូនេះហើយ ជាអ្នកផ្តល់ចំណេះដឹង សីលធម៌ គុណធម៌ ប្រកបដោយព្រហ្មវិហារធម៌ ដែលជាកម្លាំងដ៏ធំធេង ក្នុងការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ។
លោក ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះសំណេះសំណាល និងថ្លែងអំណរគុណ លោកគ្រូអ្នកគ្រូ ប្រមាណ១៥០នាក់ ដែលកំពុងបង្រៀនក្នុងវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។
លោក ជាម ច័ន្ទសោភ័ណ លើកឡើងថា មកដល់ពេលនេះ កម្រិតជីវភាពលោកគ្រូ អ្នកគ្រូ តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ បានកើនឡើងជាបន្តបន្ទាប់ ដែលនេះក្រោមគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខលោកគ្រូអ្នកគ្រូ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ដោយនៅមិនទាន់គ្រប់គ្រាន់ នូវអ្វីដែលថ្នាក់ដឹកនាំកម្ពុជា ចង់បាននៅឡើយទេ។
ជាជំហានបន្ទាប់ ការដំឡើងបៀរវត្សន៍បន្ថែម រួមនឹងអត្ថប្រយោជន៍ជាច្រើនទៀត នឹងផ្តល់ជូនលោកគ្រូអ្នកគ្រូ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះលទ្ធភាព ជីវភាពរបស់លោកគ្រូ អ្នកគ្រូ ។
លោកអភិបាលរងខេត្តបន្តថា ជាមួយនឹងការដំឡើងបៀវត្សន៍ និងការគិតគូរគ្រប់បែបយ៉ាងចំពោះលោកគ្រូអ្នកគ្រូ ក៏ស្របទៅលំនឹងស្ថិរភាពនយោបាយ រួមជាមួយកត្តាសុខសន្តិភាពក្នុងប្រទេសផងដែរ។ បើប្រទេសមិនមានសុខសន្តិភាព កុំថាឡើយការផ្តល់និងដំឡើងបៀវត្សន៍ជូនលោកគ្រូអ្នកគ្រូ សូម្បីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏មិនមាននោះដែរ។
លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចាប់អារម្មណ៍ទាំងអស់គ្នា ត្រង់ចំណុចនេះ កុំឲ្យមានការលង់ជឿ លើការបំប៉ោង បំភ្លៃ ញ៉ុះញ៉ង់ ពីសំណាក់ជនអគិមួយចំនួនតូច ដែលចង់អោយកម្ពុជា វឹកវរធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដូចស្រមោលខ្មៅ នាអតីតកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន ដោយស្តែងឡើងតាមរយៈ ការផ្សព្វផ្សាយថា កម្ពុជាគ្មានប្រជាធិបតេយ្យ ។
លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា មានតែការបោះឆ្នោតមួយទេ ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យតាមរយៈនេះ លោកក៍បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ ទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះឱ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ក្នុងការចូលរួមធ្វើឲ្យមានលំនឹងនយោបាយ និងបន្តការអភិវឌ្ឍន៍ប្រទេសរីកចម្រើន បន្តទៅមុខទៀត។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានបានផ្តល់ជូននូវវត្ថុកំដរដៃ ដល់លោកគ្រូអ្នកគ្រូ សារ៉ុងម្នាក់១ផងដែរ ៕