(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសំណាលជាមួយ ប្រជាលរដ្ឋចំនួន១៦១គ្រួសារ រស់នៅក្នុងភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំបន់កម្សត់កម្ររវាងលោក និងប្រជាជននៅតំបន់នោះ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងរីករាយនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានជម្រាបជូនប្រជាពលរដ្ឋ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសការពារដាច់ខាតនូវសុខសន្តិភាព មិនអាចឲ្យជនណា ឬក្រុមណាធ្វើបដិវត្តន៍ពណ៌ បំផ្លាញកម្ពុជានោះឡើយ។
លោកទេសរដ្ឋមន្ត្រីក៏បានជម្រាប ប្រជាពលរដ្ឋអំពីព្រឹត្តការណ៍នយោបាយថ្មីៗ ដែលកើតឡើងបច្ចុប្បន្ន ដូចជា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលត្រូវបានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី យកមកបកស្រាយខុសពីការពិត ដើម្បីបម្រើតែសេចក្តីចង់បានរបស់ខ្លួន និងក្រុមបក្ខពួកខ្លួន។ ប៉ុន្តែការបកស្រាយរបស់ពួកគេ ត្រូវបានបរាជ័យទាំងស្រុង។
លោក សេរី កុសល ក៏បានប្រៀបធៀបការធ្វើនយោបាយ និងការបោះឆ្នោត ដូចនឹងរដូវធ្វើស្រែចំការ ដោយលោកបានជម្រាបជូនអ្នកស្រុកថា «រដូវធ្វើស្រែ កុំដឹកឆ្កែដើរលេង»។ ធ្វើស្រែដូចធ្វើនយោបាយ ត្រូវរើសពូជឲ្យបានល្អ ដើម្បីលក់ទៅឲ្យបានថ្លៃ។ ធ្វើនយោបាយក៏ដូចគ្នា ត្រូវជ្រើសរើសអ្នកស្នេហាជាតិ ពិតប្រាកដ ទើបជាតិអភិវឌ្ឍន៍រុងរឿង។
លោកពន្យល់ប្រជាពលរដ្ឋថា ប្រសិនបើរដូវធ្វើស្រែបងប្អូន នាំគ្នាធ្វើស្រែទោះស្រូវចុះថ្លៃ ក៏បានស្រូវហូបដែរ តែបើស្រូវឡើងថ្លៃវិញ គឺបានស្រូវលក់ ប៉ុន្តែអ្នកមិនបានធ្វើ គឺអត់មានស្រូវលក់សោះ ដូចគ្នានឹងការបោះឆ្នោតដែរ បើអ្នកបានទៅបោះឆ្នោត អ្នកមានសិទ្ធិគ្រប់គ្រាន់ទោះបីនៅបក្សណាក៏ដោយ ព្រោះអាចប្រាប់គេថាខ្លួនបានបោះឆ្នោត មានសិទ្ធិស្នើឲ្យមានការកែប្រែនូវអ្វីដែលខ្លួនចង់បាន ប៉ុន្តែបើមិនទៅបោះឆ្នោតវិញ គឺគ្មានសិទ្ធិអ្វីឡើយ។
លោកបន្តថា ប្រជាពលរដ្ឋនៅតំបន់នោះ ដែលជាតំបន់អតីតសមរភូមិក្តៅ ធ្លាប់រត់លូនគេចពីគ្រាប់កាំភ្លើង ពួកគាត់បានយល់យ៉ាងច្បាស់ពីតម្លៃសន្តិភាព ដែលរកបានដោយលំបាក ហើយពួកគាត់មិនចង់ជួបសង្គ្រាមទៀតឡើយ។ ដូច្នេះពួកគាត់នឹងទៅបោះឆ្នោត ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ហើយបានចុះឈ្មោះបោះឆ្នោតនោះ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានជួយសាងសង់សាលាសំណាក់នៅក្នុងភូមិ១ខ្នង និងផ្តល់ជូនសារុងប្រជាពលរដ្ឋម្នាក់មួយ រួមទាំងរៀបចំហូបនំបញ្ចុកជាមួយគ្នាប្រកបដោយភាពកក់ក្តៅ៕