(បាត់ដំបង)៖ លោកគ្រូ អ្នកគ្រូ អាជីវករ អតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍ ក្នុងមូលដ្ឋានឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយមិនជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួនតូចនោះទេ ព្រោះពួកគាត់សែនស្រលាញ់សន្ដិភាព និងការអភិវឌ្ឍ។
ការប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ អញ្ជើញសំណេះសំណាល ដើម្បីផ្សព្វផ្សាយបន្ត និងបង្រៀនសិស្សជំនាន់ក្រោយ ឲ្យស្គាល់ពីប្រវត្តិសាស្រ្តខ្មែរ។
លោក ហែម ថេង បានឲ្យដឹងថា ជាការពិតណាស់ប្រវត្តិសាស្រ្តមេដឹកនាំខ្មែរជាច្រើនជំនាន់មកហើយ ពេលបានឡើងកាន់អំណាចក្នុងជំនាននីមួយៗ កាន់មិនដែលបានយូរ ប្រជាពលរដ្ឋរស់នៅមិនដែលបានសុខឡើយ ដោយសារតែមេដឹកនាំទាំងអស់នោះ គ្មានគុណធម៌ សិលធម៌ ជិះជាន់ធ្វើបាបពលរដ្ឋខ្លួនឯង មិនដែលបានស្គាល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ចំណែកគណបក្សប្រជាជនកម្ពុជាវិញ មានមេដឹកនាំ មានគុណធម៌ សិលធម៌ សច្ចៈធម៌ ខិតខំតស៊ូរំដោះប្រជាពលរដ្ឋ និងជាតិមាតុភូមិឲ្យរួចផុតពីរបបកាប់សម្លាប់ប្រជាពលរដ្ឋខ្លួន យ៉ាងសាហាវយង់ឃ្នងពីរបប ប៉ុល ពត ហើយបានខិតខំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។
លោកប្រធានក្រុមការងារ បានបញ្ជាក់ពីស្នាដៃ របស់គណបក្សប្រជាជនដែលជាអ្នកដឹកនាំប្រទេសថា បក្សប្រជាជនមានគុណបំណាច់ដ៏ធំធេងកន្លងមក និងបានធ្វើអំពើល្អជាច្រើនជាមួយប្រជាពលរដ្ឋ ទើបមានការស្រលាញ់គាំទ្រយ៉ាងពេញទំហឹង ទើបបក្សមួយនេះបានកាន់អំណាចបានយូរ និងដឹកនាំប្រទេសបន្តទៀត តាមរយៈការបោះឆ្នោត៥ឆ្នាំ ម្តងតាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបានបញ្ជាក់ទៀតថា មេដឹកនាំល្អជាប្រវត្តិសាស្រ្តនៅកម្ពុជា គឺមានសម្តេចព្រះមរមរតនកោដ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន មានគុណសម្បត្តិ និងស្នាដៃច្រើនណាស់ ចំពោះជាតិមាតុភូមិ ដូចជារំដោះប្រទេសជាតិផុតពីរបប ប៉ុល ពត កសាងប្រទេសបណ្តើរ ការពារបណ្តើរ ឈានទៅស្វែងរកសន្តិភាព បានជោគជ័យលើឆាកអន្តរជាតិ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកប្រធានបានអនុញាតឲ្យលោកគ្រូ អ្នកគ្រូ បានបញ្ចេញមតិផ្ទាល់ខ្លួនតាម សំណួរ ចម្លើយ ក្នុងអង្គពិធីរៀបរាប់ពី សច្ចធម៌ប្រវត្តិសាស្រ្តខ្មែរក្នុងរបបដឹកនាំមុនៗ និងបានបញ្ជាក់ដូចៗគ្នាដូចជា ក្នុងរបប ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ស្គាល់តែការកាប់សម្លាប់ ធ្វើទារុណកម្មបង្អត់អាហារជាដើម៕