(ភ្នំពេញ)៖ ដោយសារកំណើនទេសចរ ដែលមកទស្សនាកម្ពុជា ពិសេសទេសចរចិន កាន់តែមានកំណើនច្រើនទៅៗពីមួយឆ្នាំទៅមួយឆ្នាំ និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមហាមិត្តចិនផងនោះ ក្រសួងទេសចរណ៍ បានស្នើដល់វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានរបស់ចិន បន្តជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ពិសេសលើផ្នែកផ្ដល់សេវាកម្មជូនភ្ញៀវប្រកបដោយគុណភាព។
សំណើខាងលើនេះ ត្រូវបានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញផ្តល់សេវាកម្មភ្ញៀវទេសចរចិន ដែលប្រារព្ធឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរថ្មី នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក តុប សុភក្រ្ត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក សាង ជីងឡុង នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន និងមានការចូលរួមពីយុវជន សិស្ស-និស្សិត អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងគ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងសិក្ខាកាមសរុប ១៥០នាក់ផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះមានសិក្ខាកាមចំនួន ៥៤នាក់ បានបញ្ជប់វគ្គបណ្តុះបណ្តាលនេះប្រកបដោយភាពជោគជ័យ។
ក្នុងឱកាសនោះ លោក តុប សុភក្ត្រ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ដែលសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសបានបញ្ជូនសាស្រ្តាចារ្យជំនាញមកពីប្រទេសចិន ចូលរួមបណ្តុះបណ្តាលដល់អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ដល់ភ្ញៀវទេសចរ ដែលបាននិងកំពុងមកកម្សាន្តជាហូរហែនៅកម្ពុជា។
លោកបញ្ជាក់ថា សមិទ្ធផលដែលកើតចេញពីវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមដល់ការសម្រេចនូវចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ផងដែរ។
លោកអនុរដ្ឋលេខាធិការ ក៏បានស្នើសុំវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន បន្តបើកវគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ផ្សេងៗ សម្រាប់ចូលរួមអភិវឌ្ឍសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សំដៅចូលរួមអភិវឌ្ឍទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន។
ក្រសួងទេសចរណ៍ តែងតែគិតគូរដល់ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ តាមរយៈការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងភាពពេញចិត្ត ជឿជាក់ដល់ភ្ញៀវទេសចរ ដែលកត្តានេះនឹងចូលរួមធានាឱ្យបាននូវនិរន្តរភាព នៃកំណើនទេសចរណ៍នៅកម្ពុជា។
គួរកត់សម្គាល់ថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១,៧១១,២៥៣នាក់ កើនឡើង ១៣.៩%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០,០០០លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់៕