(ភ្នំពេញ)៖ លោក ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ បានថ្លែងថា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះនឹងមានការរៀបចំបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដូចនេះ សូមឲ្យក្រុមគ្រួសារសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយការបោះឆ្នោតនោះ គឺបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងដ៏ល្អ ងាយស្រួលចាំ ស្រួលគិត ស្រួលគូស។
លោកថា លេខរៀងទី២០ គឺជាលេខរៀងចុងក្រោយគេបំផុត មានរូបផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាពិសេសលេខរៀងទី២០ គឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមគោលនយោបាយ ឈ្នះឈ្នះ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលនូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍បន្តទៀតលើគ្រប់វិស័យ។
លោក ជា ពិសី បានថ្លែងដូចនេះ នៅក្នុងពីធីជួបសំណេះសំណាល ប្រកាសបញ្ជូលទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២០៣នាក់ ស្ថិតទីស្នាក់ការគណបក្សសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នាថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
នៅចំពោះមុខសមាជិកថ្មី ទាំង២០៣រូប លោក ជា ពិសី បានថ្លែងថា ចំពោះបុគ្គលដែលអំពាវនាវប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមបោះឆ្នោត គឺជាអំពើល្មើសច្បាប់ នៃការរៀបចំការបោះឆ្នោត និងត្រូវទទួលការពិន័យជាប្រាក់ និងថែមទាំងមានទោសព្រហ្មទណ្ឌផ្សេងទៀត ដូច្នេះសូមម្ចាស់ឆ្នោតគ្រប់ៗគ្នា ចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ពីព្រោះគ្មានគណបក្សនយោបាយណាអាចមកជំនួស គណបក្សប្រជាជនកម្ពុជាបានទេ៕