(សៀមរាប)៖ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាសជាមួយសមាជិក សមាជិកា គណបក្សចំនួន៤៤៣នាក់ នៃសាខាបក្សមន្ទីរសុខាភិបាលខេត្តសៀមរាប។
ក្នុងឱកាសនេះ លោកប្រធានគណបក្សខេត្ត បានជម្រាបជូនអង្គពិធីពីប្រវត្តិ នៃដើមកំណើតរបស់គណបក្ស និងសមិទ្ធផលស្នាដៃធំៗ ជាប្រវត្តិសាស្រ្ត ក្នុងការអភិវឌ្ឍរបស់គណបក្សចំពោះប្រទេសជាតិ ព្រមទាំងសភាពការណ៍នយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា ទោះជាគណបក្សប្រជាជនកម្ពុជាបានធ្វើល្អយ៉ាងណាក៏ដោយ តែនៅមានក្រុមជនអគតិផ្កាប់មុខមួយចំនួន បានស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតនាពេលខាងមុខនេះ ដែលជាអំពើខុសច្បាប់រួចទៅហើយ ដូច្នេះសូមប្រជាពលរដ្ឋឈប់ចាញ់បោកពួកក្រុមនេះបន្តទៀត ដែលជាអ្នកអូសទាញឲ្យទៅជាប់ពាក់ព័ន្ធនឹងទោសទណ្ឌជាមួយឲ្យសោះ។
ទន្ទឹមនឹងនោះ លោក ឃឹម ប៊ុនសុង បានថ្លែអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់ ត្រូវជឿកជាក់លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងពិធីនេះដែរ លោកប្រធានគណបក្សខេត្ត បាននាំយកថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ជូនសមាជិកទាំង៤៤៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕