(ភ្នំពេញ)៖ ដោយមិនអាចទ្រាំបានចំពោះសារព្រហើនហើយព្រហើនទៀតរបស់ ទណ្ឌិត សម រង្ស៊ី មេចលានាសង្រ្គោះជាតិ ដែលប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរនោះ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ឆ្លើយតបនឹងសំណួររបស់បណ្តាញព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដោយទទូចដល់ស្ថាប័នតុលាការកម្ពុជា ឱ្យចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់មួយចំពោះអតីតមេបក្សប្រឆាំងរូបនេះ។

លោកពេជ្រ ស្រស់ បានបញ្ជាក់ឱ្យដឹងថា លោក សម រង្ស៊ី បានប្រមាថព្រះចេស្តាព្រះមហាក្សត្រម្តងហើយម្តងទៀត ដែលធ្វើឱ្យប្រជារាស្រ្តរបស់ព្រះអង្គ ក៏ដូចជាគណបក្សនយោបាយ មិនអាចទទួលយកបានឡើយ។ លោកថ្លែងថា ដំបូងឡើយ លោក សម រង្ស៊ី បានស្នើថ្វាយព្រះមហាក្សត្រ កុំឱ្យអំពាវនាវដល់ពលរដ្ឋឱ្យទៅបោះឆ្នោត ហើយនៅពេលឃើញព្រះរាជសារ ព្រះមហាក្សត្រ ដែលទ្រង់មានព្រះរាជអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតនាខែកក្កដាខាងមុខនេះឱ្យបានគ្រប់ៗគ្នានោះលោក សម រង្ស៊ី បែរជាចេញមកចោទថា ព្រះរាជសារនោះ ក្លែងក្លាយទៅវិញ ដែលជាទង្វើព្រហើន ហើយប្រឆាំងនឹងព្រះមហាក្សត្រ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា ការបង្ហាញភាពគគ្លើនម្តងហើយម្តងទៀតរបស់ អតីតប្រធានគណបក្សសង្រ្គោះជាតិ បែបនេះ គឺកំពុងផ្កើននឹងច្បាប់ថ្មី ដែលត្រូវបានរៀបចំឡើងដើម្បីដាក់ទោសលើអ្នកប្រមាថដល់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ ជាទីសក្ការៈនៃប្រជារាស្រ្តខ្មែរ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយ ដោយអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស។

បន្ទាប់ពីមានព្រះរាជសារព្រះមហាក្សត្រ យ៉ាងដូច្នេះ លោក សម រង្ស៊ី បានចេញមុខប្រតិកម្មភ្លាមៗ នៅលើបណ្តាញសង្គម ​Facebook ថាព្រះរាជសារនោះ គឺជាព្រះរាជសារក្លែងក្លាយតែប៉ុណ្ណោះ ខណៈដែលព្រះបរមរាជវាំង បានចេញមកបញ្ជាក់ថា នេះជាព្រះរាជសារពិតឥតក្លែងក្លាយយ៉ាងណាក៏ដោយ។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»

ពាក់ព័ន្ធនឹងការប្រមាថដល់អង្គព្រះមហាក្សត្រនេះដែរ មិត្តអ្នកអានមួយចំនួនរបស់បណ្តាញព័ត៌មាន Fresh News ប៉ុន្មានថ្ងៃមកនេះក៏បានផ្ញើស្នើឱ្យមានវិធានការ ទៅលើទណ្ឌិតសមរង្ស៊ីនេះដែរ។ លិខិតមិត្តអ្នកអានទាំងនោះបានប្រកាសថា ពួកគេមិនសុខចិត្តទេ បើសិនជាតុលាការមិនចាត់វិធានការលើបុគ្គលនេះឱ្យបានធ្ងន់ធ្ងរនោះ៕