(ភ្នំពេញ)៖ ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA» មកទល់នឹងព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្រមាដែលមានក្រឡា ក្រហម លាយស ដ៏ស្រស់ស្អាតនេះ មានប្រវែងរហូតដល់ទៅ១,០១១.៧៨ ម៉ែត្រ ហើយនេះជាទីដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានត្បាញនៅព្រឹកនេះ។
នេះជាលើកទីពីរហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយានាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានកាកបាទក្រហមកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមត្បាញ ក្រមាវែងជាងគេបំផុត នៅលើសួនច្បារព្រះមេរុមុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង ។
ក្នុងឱកាសនោះលោក សាន វឌ្ឍនា ប្រធានចលនា «GOGO CAMBODIA» ក៏បានបញ្ជាក់ថា តាមពិតការត្បាញក្រមាក្រឡាចុងក្រោយ ត្រូវបានបញ្ចប់ត្រឹមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែដោយសារតែសរសៃអំបោះ ដែលត្រូវត្បាញក្រមានៅសល់នោះ ទើបការត្បាញក្រមានេះ នឹងត្រូវបន្តរហូតដល់អស់សរសៃអំបោះ ដែលអាចនឹងធ្វើឲ្យប្រវែងក្រមាលើសពី១០០០ម៉ែត្រ ដែលគិតមកដល់ថ្ងៃនេះ មានប្រវែង១០១១.៧៨ ម៉ែត្រ ហើយយើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមត្បាញក្រមានេះបន្ដទៀត ឲ្យកាន់តែវែង គ្មានប្រទេសណា ដូចនោះឡើយ»។
សូមបញ្ជាក់ថា យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា «GOGO CAMBODIA» បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោកប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមត្បាញក្រមាដោយសេរីចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួម ត្បាញរាប់ម៉ឺននាក់ផងដែរ។
ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា។
ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕