(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនអ្នកទៅរកជក់គ្រឿងញៀន និងអ្នកទិញសរុប៣នាក់ រួមទាំងដកហូតថ្នាំញៀន ១២កញ្ចប់តូចផងដែរ។
ជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួនបានទី១៖ ឈ្មោះ ជីន នឿន អាយុ២១ឆ្នាំ មុខរបរលក់ថ្នាំញៀន ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាម្ចាស់ថ្នាំញៀន១២កញ្ចប់, ទី២៖ឈ្មោះ វល្លិ ភារម្យ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រៃពពេល ឃុំព្រៃពួច ស្រុកអង្គស្នួល និងទី៣៖ឈ្មោះ ស៊ឹម សុភ័ក្រ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃពពេល ឃុំព្រៃពួច ស្រុកអង្គស្នួល។
តាមសម្តីជនសង្ស័យ ឈ្មោះ វល្លិ ភារម្យ និងឈ្មោះ ស៊ឹម សុភ័ក្រ បានឲ្យដឹងថា មុនកើតហេតុពួកគេទាំង២នាក់ នាំគ្នាមកចំណុចខាងលើ ដើម្បីរកទិញថ្នាំញៀនជក់ ព្រោះកន្លងមកឲ្យតែពួកគេចង់ជក់គ្រឿងញៀន តែងតែមកចំណុចភូមិថ្មគោលខាងលើ ជក់ហើយបានទៅធ្វើការងារវិញ តែនៅព្រឹកនេះ ទើបមកដល់មិនទាន់បានជក់មួយខ្សឺតផង ស្រាប់តែនគរបាលមកទាន់ចាប់ឃាត់ខ្លួនបានតែម្តង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់ខាងលើបាន ឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ទៀត មានមុខរបរជាអ្នកលក់ថ្នាំញៀន ដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់តូច។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ៣នាក់ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ៕