(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយការងារ សមាគមមនុស្សចាស់ នៅមូលដ្ឋានឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល សរុបជាង៣៥០នាក់។
ថ្លែងនៅឱកាសនោះ លោក ហេង រតនា បានលើកឡើងថា «យើងមានមោទនភាពណាស់ ចំពោះសមាគមមនុស្សចាស់ ឃុំក្អមសំណរ ដែលចាប់ផ្តើមជាមួយសមាជិកតែ១១០គ្រួសារ ក្នុងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៨ មានសមាជិកជាង១,៣០០គ្រួសារ ជាមួយថវិកា សមាគមកាន់តែរឹងមាំថែមទៀត»។
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល រូបនេះ បានបន្ថែមទៀតថា នេះជាការវិវត្តន៍ផ្លាស់ប្តូរ ប្រកបដោយក្តីសង្ឃឹម និងសាមគ្គីភាពផ្ទៃយ៉ាងរឹងមាំ រួមជាមួយរាជរដ្ឋាភិបាល ក្នុងជួយដល់ក្រុមងាយរងគ្រោះ និងអ្នកក្រីក្រ។
លោក ហេង រតនា សូមអបអរសាទរ លទ្ធផលដ៍ល្អប្រសើ របស់សមាគមមនុស្សចាស់ក្នុងឆ្នាំកន្លងមក និងទិសដៅបន្តសំរាប់ឆ្នាំ២០១៨-២០១៩។ ជាពិសេសសូមចូលរួមអប់រំកូនចៅ ឲ្យបានទៅបោះឆ្នោត គ្រប់ៗគ្នា ស្របតាមកាត្វកិច្ចជាពលរដ្ឋល្អ។
ដោយឡែកនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោក ហេង រតនា ក៏បានចុះសំណេះសំណាល មួយសមាជិក-សមាជិកា របស់គណបក្សប្រជាជន នៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកចំនួន២០៧នាក់ និងបានចែកប័ណ្ណគណបក្សជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ហេង រតនា ក៏ចុះទៅពិនិត្យមើលការឈូសឆាយជួសជុលផ្លូវប្រវែងជាង៣គីឡូម៉ែត្រ ក្នុងភូមិដែលពីមុនប្រជាពលរដ្ឋពិបាកធ្វើដំណើរ៕