(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវណែនាំបងប្អូន កូនក្មួយដែល មានឈ្មោះគ្រប់អាយុ ទៅបោះឆ្នោតសូម ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ និងមានអ្នកវិនិយោគមករកស៊ីបង្កើតការងារ ដល់ពលរដ្ឋបានច្រើនបន្ថែមទៀត។
ការថ្លែងអំពាវនាវបែបនេះ ខណៈដែលលោកបានអញ្ជើញជាអធីបតី ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់អគារគណបក្សប្រជាជន នៅឃុំពោធិរាជ ដែលចំណាយថវិការជួសជុល និងសាងសង់បន្ថែម អស់ជាង៣ពាន់ដុល្លារ និងមានការចូលរួមពីក្រុមការងារបក្ស និងសមាជិបក្សប្រមាណជិត៤០០នាក់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក មាស ប៊ុនឡី បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីលោក ចៅ ភិរុណ ប្រធានក្រុមការងារ ចុះជួយស្រុកស្វាយជ្រំ ដែលជានិច្ចកាលតែងតែនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានទុកលំបាកទីនោះ ពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលា។
លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប៉ុលពត តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះក្រោមការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាត កុំឲ្យកើតមានសង្គ្រាម។
លោកក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅ របស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
មិនតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគិតពិចារណាឲ្យបានត្រឹមត្រូវ ថាតើអ្នកណាដែលបាន រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ និងដឹកនាំប្រទេសតាំងពីបាតដៃទទេរ ឲ្យមានការីកចម្រើន គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តការងារអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់ទៀត។ នៅឱកាសនោះ លោក មាស ប៊ុនឡី និងភរិយា បានឧបត្ថម្ភអាវមួកគណបក្ស និងថវិកាម្នាក់១ម៉ឺនរៀល ដល់សមាជិកបក្សផងដែរ៕