(កំពង់ធំ)៖ ជានិច្ចកាលសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងតែចុះស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនក្នុងទឹកដីខេត្តកំពង់ធំ។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យសហការីរៀបចំចាត់ចែងបន្តដឹកគ្រឿងឈើ និងសម្ភារដែលជាខ្នងផ្ទះលើកទី៧៦ ទៅសាងសង់ផ្ទះជូន អតីតយុទ្ធជនឈ្មោះ ទ្រី ទ្រឿន រស់នៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីលោក និងសហការីបានទៅពិនិត្យជាក់ស្ដែងរួចកន្លងមក។
សូមជម្រាបថា លោកពិ្រន្ទបាលឯក ទ្រី ទ្រឿន អាយុ៤៦ឆ្នាំ ចូលបម្រើក្នុងកងទ័ពឆ្នាំ១៩៩០ អតីតនៅអង្គភាពយោធាស្រុកប្រាសាទបល្ល័ង្ក ហើយបានត្រូវរបួសពិការ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៣ ភូមិធំ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ក្នុងពេលបំពេញភារកិច្ច ចុះស៊ើបការណ៍ខ្មាំង។
បច្ចុប្បន្នលោក ទ្រី ទ្រឿន មានប្រពន្ធឈ្មោះ ស៊ុន សាវន អាយុ៣៩ឆ្នាំ មានកូន០៦នាក់ នៅក្នុងបន្ទុក សព្វថ្ងៃប្រកបមុខរបរកសិករ និងបានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាល ចំនួន៥២០,០០០ រៀលផងដែរ។
ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកអនុសេនីយ៍ទោ សេន កុសល មេបញ្ជាការផ្នែកសឹករងប្រាសាទបល្ល័ង្ក អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកម្លាំងសហការទម្លាក់ឈើចុះ ហើយត្រូវចាត់ចែងសាងសង់ផ្ទះនេះឲ្យបានឆាប់បំផុត។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោកពិ្រន្ទបាលឯក ទ្រី ទ្រឿន មានក្តីរំភើបរីករាយយ៉ាងក្រៃលែង។ លោកសូមដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ហើយសូមប្តេជ្ញាគាំទ្រសម្តេច ជានាយករដ្ឋមន្ត្រីរៀងរហូត៕