(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតនូវការញុះញង់ណាមួយ ដែលបង្កឲ្យមានសង្គ្រាម ហើយក៏មិនត្រូវជឿការឃោសនា «ដេកផ្ទះ ឈ្នះឯង» នោះដែរ។
ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលលោក ជុក មុន្នី ចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រធានក្រុមគ្រួសារបក្សជិត៣០០គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ជុក មុន្នី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋ ទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូរអង្វែង និងការពាដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ លោកបន្តថា ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសម្រួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូរធា។
លោកបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិទៅរកការរីកចម្រើន ដូច្នេះសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍបន្ថែមទៀត៕