(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានប្រាប់ទៅគ្រួសារបក្សមកពីភូមិពពាលខែ និងភូមិវាលទ្រាឃុំអូរតាគីជិត៥០០នាក់ថា អ្នកស្វែងរកសន្តិភាព និងការពារសន្តិភាពពិតប្រាកដនោះគឺសម្តេចតេជោ ហ៊ុន សែន មិនមែនក្រុមអគតិបក្សប្រឆាំងផ្កាប់មុខនោះទេ។
ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំជឿឃោសនាពួកប្រឆាំងទាំងនេះ ដែលបានឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
នេះជាការឡើង ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយគ្រួសារបក្ស ជិត៤៤៧គ្រួសារ មកពីភូមិពពាលខែ និងភូមិវាលទ្រាឃុំអូរតាគី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការឃុំអូរតាគី ស្រុកថ្មគោល ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានបក្សស្រុក បក្សឃុំ សាខាបក្សភូមិ និងគ្រួសារបក្សចូលរួមចំនួន៤៤៧នាក់។
លោកប្រធានគណៈពង្រឹងឃុំ បានបន្តថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ គឺបានរំដោះប្រទេសផុត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាព ក្នុងគោលនយោបាយឈ្នះឈ្នះរួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាព បានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាមតាមរយៈបដិវត្តន៍ពណ៌ មាននៅកម្ពុជាជាដាច់ខាត។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា «សមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់ ដែលជាស្នាដៃរបស់គណបក្សប្រជាជន មានររីកចំរើនលើគ្រប់វិស័យ នៅគ្រប់ទីកន្លែងកន្លងមក ចុះពួកអគតិប្រឆាំងផ្កាប់មុខនោះបានធ្វើអ្វីខ្លះ? សម្រាប់ជូនប្រប្រជាពលរដ្ឋយើងខ្លះ? ក្រៅពីការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល បំផ្លិចបំផ្លាញសន្តិភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃុបឃិតជាមួយបរទេសក្បត់ជាតិ និងប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ»។
លោកប្រធាន បានបន្តទៀតថា «សូមបងប្អូនប្រជាពលរដ្ឋយើង ពិសេសសមាជិកបក្សប្រជាជនមូលដ្ឋានយើង បន្តគាំទ្របោះឆ្នោតជូនបក្សប្រជាជន ដែលមានលេខរៀងទី២០ ដែលថ្នាក់ដឹកនាំកំពូលធ្លាប់មានប្រសាសន៍ថា លេខរៀងទី២០ ក្រោមគេនេះ មានន័យល្អណាស់ គឺស្រួលគិត ស្រួលចាំ ស្រួលគូស, នៅលេខរៀងទី២០ ក្រោមគេបង្អស់តំណាងឲ្យខួប២០ឆ្នាំ គោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទាំងស្រុងរបស់ប្រទេសជាតិ»។
ដើម្បីទទួលបានជ័យជំនះនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបានផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ កសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចំរើនបន្ថែមទៀត ដល់កូនចៅរស់បានសុខសាន្តតទៅ។
លោកប្រធានក្រុមការងារបានបន្តទៀតថា «ប្រជាពលរដ្ឋយើងនាំគ្នារក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីប្រជាពលរដ្ឋយើងមានការរីកចំរើនតទៅ ប្រឆាំងនិងទប់ស្កាត់មិនឲ្យមានសង្រ្គាម តាមរូបភាពផ្សេងៗ នៅកម្ពុជាជាដាច់ខាត និងប្តេជ្ញាចិត្តទាំងអស់គ្នាថា ពួកគាត់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីកសាង អភិវឌ្ឍន៍ជាតិ គឺមិនអាចចាញ់បោកពួកបក្សប្រឆាំង ដែលមកស្រែកឃោសនាភូតកុហក់ដល់ប្រជាពលរដ្ឋនោះទៀតឡើយ»។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានជូនថវិកាកំដរដៃ១គ្រួសារ ១ម៉ឺនរៀល និងប៊ីចេងម្នាក់ៗ បាន១ថង់ស្មើនឹងកន្លះគីឡូក្រាមផងដែរ៕