(ព្រៃវែង)៖ លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងស្រុកពារាំង និងជាប្រធានគណៈពង្រឹងឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវបំពេញកាតព្វកិច្ច ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីបន្តការអភិវឌ្ឍប្រទេស ធានាបាននិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
លោក ឥត សារ៉ាត់ បានថ្លែងដូចនេះ នៅក្នុងពីធីជួបសំណេះសំណាល ប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៤៦៧នាក់ ដែលស្ថិតក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែមិថុនានេះ។
លោកបានថ្លែងបន្តថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាទដៃទទេរហូតមានថ្ងៃនេះ គឺពិតជាបានឆ្លងកាត់ឧបសគ្គ គ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋ មិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃ ដែលមានជីវភាពសមរម្យ រស់នៅប្រកបដោយភាពសុខសាន ក្រោមដំបូលសន្តិភាពតែមួយរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមគ្មានពីរ។
ក្នុងនោះដែរលោកប្រធានគណៈពង្រឹង ក៏បានឧបត្ថម្ភថវិកា៣លាន៥ម៉ឺនរៀលសម្រាប់សមាជិកថ្មីនិងក្រុមការងារមូលដ្ឋានផងដែរ៕