(កណ្តាល)៖ បន្ទាប់ពីទទួលបាននូវសំណូមពរ និងពិនិត្យឃើញដោយផ្ទាល់ ពីការលំបាករបស់ប្រជាជនពេលធ្វើដំណើរ ពិសេសនៅរដូវភ្លៀងធ្លាក់នោះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញបើកការដ្ឋានសាងសង់ កំណាត់ផ្លូវបេតុងប្រវែង១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅលើកំណាត់ផ្លូវសរុប ជាង៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
ថ្លែងក្នុងឱកាសនោះ លោក វង្សី វិស្សុត បានលើកឡើងថា ជារួមនៅក្នុងរយៈពេល០៥ឆ្នាំមកនេះ ក្រៅពីការធានារក្សាការពារបាននូវសុខសន្តិភាព និងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលក៏បានជួយដល់ប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេសឲ្យមានជីវភាពកាន់តែធូធារ តាមរយៈការផ្តល់ឱកាសរកប្រាក់ចំណូល និងការងារ និងតាមរយៈការកាត់បន្ថយបន្ទុកចំណាយ របស់ពួកគាត់ផង ដូចជាការបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធ, ការមិនយកកម្រៃ ពីសេវាសាធារណៈមូលដ្ឋាន និងចាំបាច់មួយចំនួន, ការកាត់បន្ថយថ្លៃទឹក និងអគ្គិសនី រួមទាំងការទទួលបាននូវ សេវាសុខាភិបាល ដោយឥតគិតថ្លៃ ចំពោះប្រជាជនដែលមានប្រាក់ចំណូលទាប។
ទន្ទឹមនឹងការបង្កើនប្រាក់ចំណូល និងការកាត់បន្ថយបន្ទុកចំណាយ ចំពោះអ្នកមានចំណូលទាប រាជរដ្ឋាភិបាល ក៏បានប្រមូលពន្ធកាន់តែច្រើន ពីអ្នកមានចំណូលខ្ពស់ ដើម្បីយកមកធ្វើការបែងចែក នូវធនធាននេះឡើងវិញ សម្រាប់ធ្វើការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ, ការពង្រីក និងកែលំអរគុណភាព សេវាសាធារណៈ ព្រមទាំងការវិនិយោគលើកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោក វង្សី វិស្សុត ក៏បានបន្តឡើងថា តាមការវាយតម្លៃ កម្រិត នៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ នៅក្នុងខេត្តកណ្តាល និយាយជារួម និងនិយាយដោយឡែក នៅក្នុងឃុំព្រែកអញ្ចាញ ដែលមានព្រំប្រទល់ជាប់រាជធានីភ្នំពេញ គឺមានលក្ខណៈខ្ពស់ជាងមធ្យមភាគ នៃកម្រិតប្រាក់ចំណូលរបស់ប្រជាជនម្នាក់ គិតនៅក្នុងទូទាំងក្របខ័ណ្ឌប្រទេសទៅទៀត ដោយសារតំបន់ព្រែកអញ្ចាញនេះ មានលទ្ធភាពស្រូបយកនូវអត្ថប្រយោជន៍បានច្រើន ពីការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ និងពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាល។
ក្រៅពីមានសក្តានុពលក្លាយទៅជាទីក្រុងតូចមួយ នៅថ្ងៃអនាគត, តំបន់ព្រែកអញ្ចាញនេះ ក៏នឹងអាចក្លាយទៅជាមូលដ្ឋាន នៃការផ្គត់ផ្គង់គ្រឿងសំណង, សេវាកម្ម និងបន្លែធម្មជាតិ ដែលមានតម្លៃខ្ពស់ផងដែរ។ ដូចនេះទាមទារឲ្យយើងគ្រប់គ្រងការអភិវឌ្ឍនៅតំបន់នេះឲ្យបានល្អ ពិសេសបញ្ហាលូទឹក និងសំរាម ព្រមទាំងការរៀបចំផែនការ នគរូបនីយកម្មផងដែរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតំបន់ព្រែកអញ្ចាញ កុំទាន់អាលលក់ដីធ្លីរបស់ខ្លួន ប្រសិនបើមិនមានតម្រូវការចាំបាច់ ជាប្រយោជន៍ដើម្បីការពារ ផលប្រយោជន៍របស់បងប្អូននៅពេលដីឡើងថ្លៃ ដោយសារការអភិវឌ្ឍទីក្រុង។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ក្នុងការខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ពិសេសត្រូវចេះប្រើប្រាស់កម្ចីនេះឲ្យបានត្រឹមត្រូវ ដើម្បីអាចមានលទ្ធភាពសងបំណុលវិញ និងសូមកុំជឿការឃោសនាកុហកភូតភរបោកប្រាស់ របស់ជនណាដែលថា នឹងលុបបំណុលជូនឲ្យសោះ ព្រោះនៅក្នុងពិភពលោកនេះ មិនមានប្រទេសណាមួយអាចធ្វើរបៀបនេះបានទេ ក្រៅពីការដាះស្រាយតាមវិធានការខាងសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ នឹងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀត ដើម្បីធ្វើឲ្យអត្រាការប្រាក់សព្វថ្ងៃនេះ កាន់តែចុះទាបជាបន្តទៀត។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីជាបន្តទៀត ដើម្បីរក្សាបាននូវសន្តិភាព, ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា៕