(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពិសោធន៍ចល័ត មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ ផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារមោងឫស្សី ស្រុកមោងឫស្សី នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានរកឃើញទំនិញខូចគុណភាពចម្រុះ២៧គីឡូក្រាម ដើម្បីយកដុតកម្ទេចចោល។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយអ្នកពាក់ព័ន្ធ បានចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារមោងឫស្សី ស្រុកមោងឬស្សីនេះតែម្ដង។
លោកបានបញ្ជាក់ថា ដើម្បីពន្យល់អាជីវករមួយចំនួន មិនទាន់យល់ពីផលប៉ះពាល់សុខភាព ដោយនៅតែដាក់តាំងលក់ទំនិញរបស់ខ្លួន មានការហួសកាលបរិច្ឆេទកំណត់យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យ៉ាងវិញទៀត អ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ គឺសមត្ថកិច្ចជំនាញតែងតែ ទប់ស្កាត់បានទាន់វេលារហូតមកផងដែរ។
លោកបន្ថែមថា នៅក្នុងការចុះត្រួតពិនិត្យនេះ មន្ដ្រីជំនាញបានយក បន្លែ ផ្លែឈើ ប្រហិត ជ្រក់ ចំនួន៤៣គំរូ មកពិនិត្យជាលទ្ធផលគឺ មានផ្កាគូឆាយ មានផ្ទុកសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិតផងដែរ។
លោកប្រធានសាខាកាំកុងត្រូល បានបន្តថា មន្រ្តីជំនាញនៅបន្តធ្វើការអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាព លើអ្នកបរិភោគទាំងអស់គ្នា និងហាមអ្នកនាំចូលបញ្ឈប់ការនាំទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរ មុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ប្រយ័ត្នធ្វើឲ្យចខូចសុខភាពខ្លួន៕