(កោះកុង)៖ ស្ដែងចេញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន ក្រសួងទេសចរណ៍ បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយ រវាងក្រុមហ៊ុន យូញៀន គ្រុប (ភាគីកម្ពុជា) ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានរបស់ចិន។ ម្យ៉ាងទៀត ក្រសួងទេសចរណ៍បានជំរុញឱ្យមានការបើកសម្ពោធ មូលដ្ឋានបណ្តុះបណ្តាលជំនាញទេសចរណ៍ នៅក្រៅប្រទេសថ្មីមួយ នៅតំបន់រមណីយដ្ឋានតារាសាគរ ខេត្តកោះកុងផងដែរ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារ សម្រាប់សិស្ស-និស្សិត និងបុគ្គលិក និងការបង្កើតវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ធ្វើឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តកោះកុង ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋមន្រ្តីស្ដីទីនៃក្រសួងទេសចរណ៍។ ជាមួយគ្នានោះ ក៏មានការបើកសម្ពោធមូលដ្ឋានបណ្តុះបណ្តាល ជំនាញទេសចរណ៍នៅក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងនៅតំបន់រមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។
សូមរំឭកថា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រសួងទេសចរណ៍ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាននេះផងដែរ។
ការឈានដល់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុន យូញៀន គ្រូប និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងរបស់ភាគីវិទ្យាស្ថាន នៅក្នុងការជំរុញអនុវត្តសកម្មភាពអនុស្សរណៈយោគយល់គ្នានេះផងដែរ លើទិសដៅសកម្មភាពនៃការបង្កើតវិទ្យាស្ថានជាតិទេសចរណ៍ នៅក្នុងខេត្តកោះកុង សំដៅធានាដល់ការអភិវឌ្ឍធនធានអ្នកជំនាញ សម្រាប់ផ្តត់ផ្គង់តម្រូវការអ្នកជំនាញទេសចរណ៍នៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រ (និយាយដោយឡែក) និងសម្រាប់គោលដៅទេសចរណ៍កម្ពុជាទាំងមូល (និយាយជារួម)។
នៅឆ្នាំ២០១៧ វិស័យទេសចរណ៍កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ១១.៨% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ (ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩% ឈរក្នុងលំដាប់ទី១ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់។ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១,៧១១,២៥៣នាក់ កើនឡើង ១៣.៩%។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០,០០០លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់៕