(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាស្រី្តមេម៉ាយចំនួន១៦០គ្រួសារ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
ក្នុងឱកាសនោះ លោកស្រីប្រធានសមាគមខេត្ត បានថ្លែងថា ជានិច្ចជាកាលសមាគមតែងតែគិតគូរ ពីបញ្ហាលំបាកស្មុគស្មាញ ទីទ័លក្ររបស់បងប្អូនទាំងអស់ ហើយតែងតែខិតខំកៀគរ ការបរិច្ចាគកម្លាំងកាយចិត្ត សម្ភារ ថវិកានានាដើម្បីជួយដោះស្រាយបញ្ហាជូនបងប្អូនជាបន្តបន្ទាប់។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជាមួយដែលពោរពេញ ទៅដោយសង្គ្រាមវិនាសកម្មទុក្ខវេទនា ការព្រាត់ប្រាស់ ការឈឺចាប់ និងឯកោលើឆាកអន្តរជាតិ ឲ្យក្លាយទៅជាប្រទេសមួយដែលមានសន្តិភាព ស្ថិរភាព ប្រជាជនមានជីវភាពកាន់តែធូរធារ មានការរីកចម្រើនគ្រប់វិស័យ និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទៀតផង។
ជាមួយគ្នានោះ លោកស្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ដើម្បីរក្សាភាពសុខសាន្ត រុងរឿង ដូចនេះត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត កុំឲ្យជឿការញុះញង់របស់ក្រុមមនុស្សមួយចំនួនតូច ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា។ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ទាំង១៦០គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកស៊ីអ៊ីវកន្លះកេះ, ទឹកត្រីកន្លះកេះ, ប៊ីចេង, ស្ករសរ, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូក្រអូប និងថវិកា២ម៉ឺនរៀលផងដែរ៕