Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកបក្សប្រជាជន ជាង២,០០០នាក់ នៅស្រុកបាណន់, សន្តិបណ្ឌិត​ សុខ​ ផល អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

09-06-2018 12:49

(បាត់ដំបង)៖ អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល និងគណបក្សផ្សេងៗទៀត​ បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ សន្តិបណ្ឌិត​ សុខ​ ផល សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សកម្ពុជាចុះជួយស្រុកបាណន់ និងលោក ងួន រតនៈ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញ​ប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិជាផ្លូវការ ​នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។​

សមាជិកថ្មីទាំង២,២០០នាក់ បានលើកឡើងក្នុងឱកាសនោះថា ការសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​មើលឃើញការដឹកនាំរបស់​ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្ស និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលតែងបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ។

នៅចំពោះសមាជិកសមាជិកាថ្មីរបស់គណបក្ស លោក ងួន រតនៈ និងសន្តិបណ្ឌិត​ សុខ​ ផល បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក​ថ្មី បន្ទាប់ពីសម្រេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។

ថ្នាក់ដឹកនាំទាំង២ ក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅចូលរួមការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ ពិសេស​​គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕