(កំពង់ធំ)៖ ដើម្បីឲ្យមានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឲ្យកាន់តែប្រសើរឡើង លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្តល់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទ ឲ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ។
លោកបានលើកឡើងដូចនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ផែនការសកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០១៤-២០១៨ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានា អាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើន។
លោក សុក ហៃ បានលើកឡើងបន្តថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេច ឲ្យបានជោគជ័យនៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ថែមថា លទ្ធផលនៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់ របស់រាជរដ្ឋាភិបាលគួបផ្សំ និងការចូលរួម សហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយ ដៃគូអភិវឌ្ឍក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។
លោកបានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវជួយយកទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពីសប្បុរសជនដៃគូអភិវឌ្ឍនានា ក្នុងការលើកកំពស់សុខភាពហើយ អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឲ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅត្រូវយកចិត្តទុកដាក់ សាងសង់សម្ភារៈទឹកស្អាតអប់រំសិស្សឲ្យយល់ ពីផលវិបាកនៃការខ្វះ អនាម័យនៅតាមសាលា និងគ្រួសារ គ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យ ដោយបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។
លោក មុំ ចម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅក្នុងខេត្តទាំងមូល និងលើកពីគោលបំណង វាយតម្លៃវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផលរបស់ផែនការសកម្មភាពជាតិ នឹងផែនការសកម្មភាពថ្នាក់ក្រោមជាតិ ដែលបានគ្រោងទុក សម្របសម្រួលកិច្ចសន្ទនាជាមួយអ្នកពាក់ព័ន្ធផ្សេងៗ លើបញ្ហាប្រឈមសំខាន់ៗដើម្បីធ្វើវឌ្ឍនភាព និងរបៀបដែលពួកគេអាចត្រូវបានដោះស្រាយ ធ្វើបច្ចុប្បន្នភាពសកម្មភាពអទិភាព ដែលនិងត្រូវអនុវត្តដោយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក្នុងដំណាក់កាល នៃផែនការសកម្មភាពជាតិ និងផែនការ សកម្មភាពថ្នាក់ក្រោមជាតិ ២០១៩-២០២៥៕