(បាត់ដំបង)៖ ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់អតីតអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិចំនួន ២២៧ ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឡេង ប៉េងឡុង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមិនខ្លាចនឿយហត់ឡើង។
លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តចូលរួមជីវភាព ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាសម្រេចចិត្តត្រឹមត្រូវមួយ ពីព្រោះថាមានតែគណបក្សប្រជានកម្ពុជាមួយទេ ដែលមានប្រវត្តិសាស្រ្តតស៊ូ លះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ ឈាមស្រស់ ក្នុងការបម្រើប្រទេសជាតិមាតុភូមិរហូតមក។
លោកប្រធានក្រុមការងារ បានរំលឹកថា គណបក្សប្រជានកម្ពុជា បានចូលរួមជាមួយចលនាតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង ដណ្តើមឯករាជ្យជាតិ ជាមួយសម្តេចឪ បន្ទាប់មកចូលរួមចលនាប្រឆាំងពួក លន់ នល់ ដែលគាំទ្រអាមេរិក ហើយជាពិសេសគណបក្សប្រជាជនកម្ពុជា បានបង្កើតចលនារំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ដែលជារបបមួយឃោរឃៅ កាប់សម្លាប់ពលរដ្ឋខ្មែរអស់ជាច្រើនលាននាក់។
ជាមួយគ្នានេះ សមាជិកថ្មី ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពជាមួយមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគោលនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ហើយមើលឃើញថា គណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ មានគុណបំណាច់ធំធេងក្នុងការកសាងប្រទេសជាតិ។
យ៉ាងណាមិញ លោក ឡេង ប៉េងឡុង ក៏បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឲ្យការរស់នៅបានសេចក្តីសុខ ក្សេមក្សាន្តតទៅ៕