(សៀមរាប)៖ ផ្លូវដីក្រហមមួយខ្សែប្រវែង៩,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីភូមិបន្ទាយស្រី ទៅដល់ភូមិអូរម្នាស់ ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើការដ្ឋាជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរក្រុង សង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា ផ្លូវនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋភូមិបន្ទាយស្រី និងភូមិអូរម្នាស់ បង្កលក្ខណៈងាយស្រួលក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅកាន់ផ្សារ ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅកាន់សាលារៀន ជួយសម្រួល និងកាត់បន្ថយការលំបាកជូនអ្នកជំងឺ និងស្រ្តីឆ្លងទន្លរសម្រាលកូន ទៅកាន់មណ្ឌលសុខភាព។
បើតាមលោក ឃឹម ប៊ុនសុង សង្គ្រាមបានបំផ្លិចបំផ្លាញនូវអ្វីៗទាំងអស់ ប៉ុន្ដែក្រោយមក ក្រោមការនាំការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេស ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយស្របពេលប្រទេសជាតិ មានសុខសន្តិភាពនេះ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ មានសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្តបន្តថា ដើម្បីភាពសុខសាន្ត រុងរឿង ដូចនេះសូមប្រជាពលរដ្ឋត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត កុំឲ្យជឿនូវពាក្យញុះញង់របស់ក្រុមមនុស្សមួយចំនួន ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា តាមរយៈមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នាថ្ងៃខាងមុខ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនោះ លោកបានផ្តល់ថវិកាជូនអ្នកចូលរួម ម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕