(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានកោតសរសើរថ្នាក់ដឹកនាំសាលារៀនមួយ ដែលបានហាមប្រើប្រាស់ថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោ ក្នុងបរិវេណសាលា។
ជាមួយការបង្ហោះរូបភាពមួយសន្លឹកដែលសរសេរថា «ហាមប្រើប្រាស់ ថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោ ក្នុងបរិវេណវិទ្យាល័យ» នៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ខៀវ កញ្ញារីទ្ធ មិនបង្ហាញថា សាលាដែលហាមប្រើថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោស្ថិតនៅទីណានោះទេ តែលោកបានកោតសរសើរចំពោះចំណាត់ការនេះ។ លោករដ្ឋមន្ត្រី បានរៀបរាប់យ៉ាងខ្លីដូច្នេះ «មិនដឹងនៅសាលាណាទេ ដោយជារូប ដែលមិត្តក្នុងហ្វេសប៊ុកផ្ញើឲ្យ តែសូមសរសើរ»។
តាមរយៈយ៉ាងខ្លីរបស់លោករដ្ឋមន្ត្រី បានបង្ហាញថា រូបលោកពិតជាគាំទ្រចំពោះសកម្មភាពរបស់ដែលបានហាមប្រើថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោនៅតាមសាលារៀន។
ក្រសួងបរិស្ថាន រួមនិងអាជ្ញាធរពាក់ព័ន្ធ ក៏ធ្លាប់បានអប់រំដល់ប្រជាពលរដ្ឋ ឲ្យកាត់បន្ថយ ឬកុំប្រើប្រាស់ថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោនេះតែម្តង ព្រោះថា ការប្រើប្រាស់ថង់ផ្លាស្ទិច កែវជ័រ និងប្រអប់ស្នោមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពតាមទីសាធារណៈប៉ុណ្ណោះទេ វាក៏បង្កប៉ះពាល់ធ្ងន់ដល់បរិស្ថានផងដែរ។
អ្នកជំនាញធ្លាប់បានឲ្យដឹងថា ថង់ផ្លាស្ទីច មានសារធាតុគីមីពុលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរហើយមានអាយុកាលវែង មិនងាយរលាយរហូតដល់ជាង ៥០០ឆ្នាំ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ។
របាយការណ៍របស់ក្រសួងបរិស្ថានកាលពីឆ្នាំ២០១៦ បានឲ្យដឹងថា ពលរដ្ឋកម្ពុជាម្នាក់ប្រើប្រាស់ថង់ប្លាស្ទីកជាមធ្យម ២០០០ថង់ក្នុងមួយឆ្នាំ ដែលជាចំនួនដ៏ច្រើនបើប្រៀបធៀបបណ្ដាប្រទេសនៅអឺរ៉ុប។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចនេះឲ្យបាន ៥០ភាគរយនៅឆ្នាំ២០១៩ ដោយបានតម្រូវឲ្យអ្នកលក់ដូរតាមផ្សារគិតតម្លៃបន្ថែមសម្រាប់អ្នកទិញទាំងឡាយ ដែលត្រូវការថង់ផ្លាស្ទិច និងដំឡើងថ្លៃពន្ធសម្រាប់ការនាំផ្លាស្ទិចចូលប្រទេសកម្ពុជាផងដែរ៕