(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងចំនួន៣ខ្សែ ប្រវែង៣,៤០០ម៉ែត្រ និងការបើកការដ្ឋានស្ថាបនា ស្ពានបេតុង១កន្លែង ប្រវែង១២០ម៉ែត្រ ទំហំ១០ម៉ែត្រ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ្ឌ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួនជាង៤,០០០នាក់។
ក្នុងពិធីនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍កសាងបាននូវ ផ្លូវ ថ្នល់ ស្ពាន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយសមិទ្ធផលទាំងអស់នេះ អាចលូតលាស់បានតែក្នុងប្រទេស មានសុខសន្តិភាពទេ គឺមិនអាចលូតលាស់ក្នុង ភ្នក់ភ្លើងសង្រ្គាមនោះឡើយ។
លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យទាំងអស់ ដែលបានរួមគ្នាថែរក្សាសន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពនេះ ឲ្យបានគង់វង្សព្រោះថា បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមត្រៀមឯកសារទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តដំណើរអភិវឌ្ឍន៍មូលដ្ឋានជាបន្តទៀត។
ជាមួយវប្បធម៍ចែករំលែក និងជាការគិតគូរពីសុខទុក្ខពីសំណាក់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកថវិកា និងអំណោយផ្ដល់ជូនរួមមាន៖ ប្រជាពលរដ្ឋចំនួន៤,០០០នាក់ ម្នាកៗទទួលបានសារ៉ុង១, មនុស្សចាស់អាយុចាប់ពី៧០ឡើង ចំនួន២០៤នាក់ម្នាក់ៗ ទទួលបានថវិកា២០,០០០រៀល សារ៉ុង១ អំបិលអ៊ីយ៉ូត ទឹកដោះគោ បំពង់ទឹកក្តៅ តែ ក្រម៉ា មី ពិល ប្រេងខ្យល់ ប្រេងកូឡា កៅអៀក, ជូនថវិកាសង្កាត់អូរអំបិល១លានរៀល, ជូនគណកម្មការហា គឹមទួន ភូមិរោងម៉ាស៊ីន៣,៥០០ដុល្លារ សម្រាប់ទិញដីចាក់ទីបញ្ចុះសពសាសនិកឥស្លាម, ជូនសាលាបឋមសិក្សាព្រហ៊ូត នូវអាគារសិក្សា១ខ្នង ៥បន្ទប់, ជូនសាលាបឋមសិក្សាគាបនូវអាគារសិក្សា១ខ្នង ៥បន្ទប់ និងធ្វើផ្លូវក្រាលក្រួសក្រហម និងចាក់ថ្មមិក ដល់សង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ្ឌ ប្រវែងប្រមាណ៨០គីឡូម៉ែត្រ៕