(សៀមរាប)៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានស្នើសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសុំបើកផ្លូវចាស់ឡើងវិញ ដែលមានទទឹង៩ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ ពុះចំអតីតផ្សាររាត្រីអង្គរ បច្ចុប្បន្នជាផ្សារផល្លារាត្រីអង្គរ។
លិខិតសុំកិច្ចអន្ដរាគមន៍របស់ប្រជាពលរដ្ឋ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជាប្រជាពលរដ្ឋជាង៥០ គ្រួសាររស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សូមគោរពស្នើសុំសម្តេចតេជោ មេត្តាជួយអន្ដរាគមន៍ ដើម្បីសុំបើកផ្លូវចាស់ទ្បើងវិញ ទទឹង៩ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ ពីព្រោះកន្លងមកអាជ្ញាធរខេត្ដតែងសន្យាថាម្ដងដោះស្រាយថ្ងៃនេះ ម្ដងថ្ងៃនោះ ដែលមានរយៈពេលច្រើនឆ្នំាមកហើយ»។
បើតាមប្រជាពលរដ្ឋខាងលើនេះ ពួកគាត់បានរង់ចាំនោះ គឺអាជ្ញាធរខេត្ដសន្យាថា ដោះស្រាយត្រឹមថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់បានដោះស្រាយនៅទ្បើយទេ ហើយបើគិតពីរយៈពេលតាំងពីឆ្នាំ២០០៦មកម៉្លេះ។ ពួកគាត់បានអះអាងទៀតថា បើកផ្លូវចាស់ឡើងវិញ ដើម្បីបានធ្វើចរាចរណ៍ងាយស្រួល និងកាត់បន្ថយរាល់ការកកស្ទះដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកំសាន្តពេលយប់ ពិសេសកាត់បន្ថយហានិភ័យផ្សេងៗ ដូចជាមានអគ្គិភ័យកើតឡើង គឺពុំអាចឲ្យឡានទឹកចេញចូលសង្រ្គោះបានទ្បើយ។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តសៀមរាប ធ្លាប់បានចេញមកបំភ្លឺថា ពុំមានការឈូសតូបលក់ដូររបស់អាជីវករ នៅផ្សារផល្លារាត្រីអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបើកផ្លូវទំហំ០៩ម៉ែត្រ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល និងកិច្ចសន្យាកន្លងមករវាងម្ចាស់ក្បាលដី ជាមួយរដ្ឋបាលខេត្តសៀមរាប សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈនោះទេ។ សេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា អាជ្ញាធរខេត្តសៀមរាប ចង់ឈូសតូបលក់ដូរ ដើម្បីបើកផ្លូវនៅក្នុងផ្សារផល្លារាត្រីអង្គរ ដែលមានម្ចាស់ឈ្មោះ ប៉ិល ហូលី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕