(ភ្នំពេញ)៖ កុមាររស់នៅអតីតកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ដែលរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) បង្ហាញភាពរីករាយដែលទទួលបានកាដូលើកទឹកចិត្ត ពីក្រុមហ៊ុនល្បីល្បាញមួយ របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Vans។
ការផ្ដល់កាដូ ទៅដល់កុមាររស់នៅក្នុងអង្គការ CCF នេះធ្វើឡើងដើម្បីបង្កើនការលើកទឹកចិត្ត ឲ្យពួកគេខិតខំរៀនសូត្រ ក៏ដូចជាការបង្ហាញពីភាពយកចិត្តទុកដាក់ ការផ្ដល់ក្ដីស្រលាញ់ ទៅដល់កុមារទាំងអស់។ កុមារទាំងអស់បានបង្ហាញពី ភាពរីករាយជាខ្លាំង និងបង្ហាញ ស្នាមញញឹមគ្រប់ៗគ្នា។
លោក Scott Neeson ប្រធានអង្គការ CCF បានថ្លែងឲ្យដឹងថា «ខ្ញុំជាអ្នកគាំទ្រផលិតផលម៉ាក Vans ក្នុងក្រុមហ៊ុន Vans មានផលិតផលិតផលជាច្រើនដូចជា៖ ស្បែកជើង កាបូប អាយឺត មួក ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងនៅបន្ដគាំទ្រ ផលិតផលរបស់ Vans»។
លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងាររបស់ក្រុមហ៊ុន Vans និងបានផ្ដល់នូវសំភារៈផ្សេងៗ ដល់កុមារដែលរស់នៅក្នុងអង្គការ CCF។
មន្ដ្រីជាន់ខ្ពស់ ផ្នែកទំនាក់ទំនង និងកែសំរួលក្នុងក្រុមហ៊ុន Vans បានថ្លែងឲ្យដឹងថា ការមកចូលរួមឧបត្ថម របស់ក្រុមហ៊ុន Vans ដល់កុមារក្នុងអង្គការ CCF នេះធ្វើឡើង បន្ទាប់ពីមានការសហការ រវាងប្រធានក្រុមហ៊ុន Vans និងប្រធានអង្គការ CCFនេះ។ មួយវិញទៀត នេះជាការជួយដល់សម្រួលមួយផ្នែកតូច សម្រាប់កុមារកម្ពុជា ដែលមានសំភារៈ សិក្សាជាដើម។
មន្រ្ដីជាន់ខ្ពស់នេះ បានបន្ដទៀតថា « ក្រុមហ៊ុន Vans នឹងបន្ដជួយ ដល់កុមារកម្ពុជា នៅក្នុងឆ្នាំបន្ដបន្ទាប់ទៀត និងជាមួយអង្គការ ផ្សេងៗនៅកម្ពុជា»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Vans បាននាំយកនូវ សំភារៈសិក្សា, សំភារៈក្មេងលេង, សម្លៀកបំពាក់, ស្បែកជើង, ស្រោមជើង, វ៉ាន់តា ដែលទាំងអស់នេះសុទ្ធសឹងតែជាម៉ាករបស់ Vans ជូនទៅដល់កុមារក្រីក្រ ដែលរស់នៅក្នុងអង្គការ CCF៕