(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំនូវពិធីផ្សព្វផ្សាយពី «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលជាគំនិតផ្តួចផ្តើម ដ៏ថ្លៃថ្លាបង្កើតឡើង ដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នារសៀលថ្ងៃសុក្រ ទី១០រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
ដោយយោងតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅវិមានសន្តិភាព ដែលយើងចាត់ទុក ជាថ្ងៃប្រវត្តិសាស្ត្រមួយថ្មីបញ្ជាក់ថា កុមារកម្ពុជា នឹងបន្តទទួលបានការធានា នូវការគាំពារផ្នែកសុខភាពប្រកប ដោយគុណភាព និងឥតគិតថ្លៃ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប គឺលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ០២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង និងសប្បុរសជននានា ក៏ដូចជា ម្ចាស់រោងចក្រ សហគ្រាសទាំអស់ ចូលរួមបរិច្ចាគថវិកា តាមសមានចិត្ត និងសទ្ធាជ្រះថ្លារៀងៗខ្លួន រួមចំណែកក្នុងការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងបុព្វហេតុចូលរួមជួយសង្គ្រោះអាយុជីវិតកុមារ និងទារក នៅកម្ពុជា នៅក្នុងក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល។
ជាងនេះទៅទៀត លោកកិត្តិសេដ្ឋបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា របាយការណ៍នៃការចូលរួមវិភាគទាន របស់សប្បុរសជននានា តាមរយៈក្រុមការងារ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងត្រូវរាយការណ៍ជូនទៅ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកបដោយតម្លាភាព ជាបន្តបន្ទាប់៕