(កំពង់ចាម)៖ នាយផ្នែកកិច្ចការប៉ុស្ដិ៍នគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្លាក់ខ្លួនឈឺត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺស្ពាតសសៃរឈាមខួរក្បាល និង ស្ពាតសសៃរបេះដូង, នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ក្រុមការងារយកអំណោយ និងថវិកាប្រគល់ជូន។
សូមជម្រាបថា ក្រោយទទួលព័ត៌មាននេះ លោកស្នងការ និងលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានចាត់លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងអធិការដ្ឋាន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ អ៊ួន លឹមហ៊ាង អត្តលេខ៤៧០៦៦ នាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលកំពុងសម្រាកព្យាលបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការ ក៏ដូចជាលោកអភិបាលស្រុក មកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់លោកអនុសេនីយ៍ទោ អ៊ួន លឹមហ៊ាង ដើម្បីជួយសម្រួលក្នុងការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ថវិកាសរុបចំនួន១,៧០០,០០០រៀល និង១០០ដុល្លារ ដោយក្នុងនោះមានថវិកា លោកឧត្តមសេនីយ៍ស្នងការ, លោកអភិបាលស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ៕