(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ គណបក្សខ្មែររួបរួមជាតិ បាននិងកំពុងធ្វើសមាជដើម្បីប្រកាសទទួលស្គាល់ លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សជំនួសលោក សឹង្គ គិរី វិញបន្ទាប់ពីលោកត្រូវបានតុលាការ ដោះលែងឱ្យក្រៅឃុំបណ្ណោះអាសន្ន ដើម្បីស្រង់ប្រជាប្រិយភាពបក្សឡើងវិញ សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅចុងខែក្រោយ។
ការធ្វើសមាជប្រគល់តួនាទីនេះ ប្រព្រឹត្តឡើងនៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការចូលពីសំណាក់សមាជិក អ្នកគាំទ្ររបស់គណបក្សខ្មែររួបរួមជាតិយ៉ាងច្រើន និងបើកទូលាយឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វជាតិ និងអន្តរជាតិ ចូលរួមផងដែរ។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចោទប្រកាន់ចំនួន២បទល្មើសរួមមានពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕