(ភ្នំពេញ)៖ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមត្បាញក្រមាក្រឡា វែងជាងគេ ជាង១០០០ម៉ែត្រ នៅលើសួនច្បារព្រះមេរុមុខសារៈមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង។
គិតទាំងព្រឹកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចញ្ជើញចូលរួមត្បាញក្រមាវែងជាងគេបំផុត បានដល់ប្រវែង ១០១១.៧៨ ម៉ែត្រហើយ នេះក៏ជាលើកទី២ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមត្បាញក្រមានេះ ។
កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ច ឆ្នាំសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បានអញ្ជើញត្បាញក្រមាក្រឡាចុងក្រោយ ១០០០ម៉ែត្រ។
មន្ត្រីរៀបចំព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ លើពិភពលោក បានបញ្ជាក់ថា តាមពិតការត្បាញក្រមាក្រឡាចុងក្រោយ ត្រូវបានបញ្ចប់ត្រឹមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប៉ុន្តែដោយសារតែសរសៃអំបោះ ដែលត្រូវត្បាញក្រមានៅសល់នោះ ទើបការត្បាញក្រមានេះ នឹងត្រូវបន្តរហូតដល់អស់សរសៃអំបោះដែលអាចនឹងធ្វើឲ្យប្រវែងក្រមាលើសពី១០០០ម៉ែត្រ ដែលគិតមកដល់ថ្ងៃនេះ មានប្រវែង ១០១១.៧៨ ម៉ែត្រហើយ ។
សូមបញ្ជាក់ថា យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា «GOGO CAMBODIA» បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោកប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង ១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារៈមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង ។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមត្បាញក្រមាដោយសេរីចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួមត្បាញរាប់ម៉ឺននាក់ផងដែរ។
ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា។
ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕