(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មានកម្មករជាង៤០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តដឹកកម្មករ បុកជាមួយរថយន្តសណ្តោងកុងតឺន័រ ដែលបើកបរបញ្ច្រាសទិសគ្នា នៅព្រឹកព្រលឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ក្នុងឃុំគិរីសាវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកស្នងការបញ្ជាក់ទៀតថា កម្មករដែលរងរបួសទាំងអស់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី។
មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅម៉ោង៦៖២០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5619 អ្នកបើកបរ មិនស្គាល់ឈ្មោះ បើកបរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានរេចង្កូត ទៅបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ កម្មការិនី រោងចក្រ វ៉ាសាន់ (វាលស្រែមួយរយ) អ្នកបើកបរឈ្មោះ ស៊ៀក ថេង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះក្នុងរថយន្តហ៊ីយ៉ាន់ដាយ ដឹកកម្មករសរុប៤៥នាក់ ប្រុស០១នាក់ របួសធ្ងន់៣នាក់ ត្រូវបានរថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ។ រថយន្តតូចខូចខាតធ្ងន់រថយន្តធំខូចខាតស្រាល។
វត្ថុតាងទាំងពីរយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕