(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមកបំភ្លឺជូនសាធារណជន ជុំវិញករណីរូបភាពបង្គោលភ្លើងបាក់ នៅតាមផ្លូវលេខ ២៥៧ កែងផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលអ្នកលេង Facebook យកបង្ហោះនាំឲ្យមានការរិះគន់នោះថា រូបភាពបង្គោលភ្លើងបាក់ចាស់ (រូបភាពចាស់) ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ មិនមែនទើបកើតឡើងនោះទេ ប៉ុន្តែទើបត្រូវបានគេបង្ហោះ និង Share ឡើងវិញ។
អគ្គិសនីកម្ពុជាបញ្ជាក់ថា ដើម្បីឲ្យដឹងច្បាប់ករណីនេះ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមការងាររបស់អគ្គិសនីកម្ពុជាបានចុះពិនិត្យ ទីតាំងជាក់ស្តែងឃើញថា «ពុំមានបង្គោលបណ្តាញតង់ស្យុងទាប (LV) បាក់នៅផ្លូវ ២៥៧ ដូចការលើកឡើងតាមបណ្តាញ Facebook និងសារព័ត៌មានមួយចំនួននោះទេ»។
អគ្គិសនីកម្ពុជាពន្យល់ថា បង្គោលភ្លើងតាមបទដ្ឋានបច្ចេកទេសបង្គោលតង់ស្យុងទាប ដែលអគ្គិសនីកម្ពុជាប្រើប្រាស់មាន៣ប្រភេទ។ ប្រភេទកម្លាំងប្រើ Prestressed Concrete Pole មានដូចខាងក្រោម៖
១-ប្រភេទ S(Type S) មានកម្លាំងទប់កាច់ ៣KN
២-ប្រភេទ A មានកម្លាំងទប់កាច់ ៥KN
៣-ប្រភេទ T មានកម្លាំងទប់កាច់ ៨KN
អគ្គិសនីកម្ពុជាបន្ថែមថា គ្រប់ប្រភេទបង្គោលអគ្គិសនី របស់អគ្គិសនីកម្ពុជា សុទ្ធតែផលិតឡើងដោយគណនាជាមួយមេគុណសុវត្ថិភាព ២.៥ (២៥០%នៃកម្លាំងទប់កាច់) ចំពោះកម្លាំងទាញ និងសំពាធខ្យល់។ បង្គោលអគ្គិសនីទាំងនេះរៀបផលិតដោយប្រើបច្ចេកទេស Prestressed Concrete Pole សរសៃដែកខាងក្នុងត្រូវបានទាញ បន្តឹងជាមួយកម្លាំងជាក់លាក់មួយ មុនពេលចាក់បេតុង និងអនុវត្តទៅតាមលក្ខណៈបច្ចេកទេស។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកមុ្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទីរសៀល វិទ្យុ ABC បានផ្សាយព័ត៌មានស្តីពី ករណីបាក់បង្គោលបណ្តាញតង់ស្យុងទាប(LV) ផ្លូវលេខ ២៥៧ កែងផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ដោយសារការបាក់បង្គោលកាត់ផ្លូវលេខ២៥៧ ធ្វើឲ្យស្ទះចរាចរណ៍ទើបអតិថិជនទូរស័ព្ទចូលវិទ្យុ ABC។
បន្ទាប់ពីបានទទួលព័ត៌មាននេះ ក្រុមការងារអគ្គិសនីកម្ពុជាបានចុះពិនិត្យឃើញថា ក្រុមហ៊ុនខ្សែកាបអុបទិកបានអូសខ្សែកាបធ្វើឲ្យបាក់បង្គោលទ្រខ្សែបណ្តាញតង់ស្យុងទាប(LV)។ អគ្គិសនីកម្ពុជាពុំបានស្គាល់ឈ្មោះក្រុមហ៊ុនកាបអុបទិកនោះទេ ព្រោះក្រុមការងាររបស់ក្រុមហ៊ុនកាបអុបទិកបានកាត់ខ្សែរបស់ខ្លួនចេញដើម្បីបំបាត់ភស្តុតាង។ ក្រុមការងារ បានធ្វើការប្តូរបង្គោលថ្មីរួចរាល់នៅវេលាម៉ោង ១៨:៥០នាទីល្ងាច នៅថ្ងៃដដែល៕