(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន Jiangsu Lianfa Group ចូលជួបពិភាក្សា ស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងជម្រាបជូនជ្រាបនូវវឌ្ឍនភាព ដែលក្រុមហ៊ុនសម្រេចបាន។
តាមការរាយការណ៍ របស់លោកប្រធានក្រុមហ៊ុនបានឲ្យដឹងថា ដោយសម្លឹងឃើញថា កម្ពុជាមានសក្តានុពលខ្ពស់ធនធានធម្មជាតិ អំណោយផលល្អក្នុងការធ្វើកសិកម្ម បាននាំឲ្យលោកសម្រេចចិត្តបោះទុនវិនិយោគ លើការដាំដុះដំណាំស្រូវ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសចិន។
លោកបន្តថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការសិក្សា ស្វែងយល់ និងវាយតម្លៃយ៉ាងស៊ីជម្រៅចំពោះស្ថានភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដែលក្នុងនោះ គឺការខ្វះខាត និងមិនសូវស៊ីសង្វាក់គ្នាពេញលេញ នៃខ្សែចង្វាក់ផលិតកម្មកសិកម្ម។ ចំពោះក្រុមហ៊ុនរបស់លោក គឺធ្វើយ៉ាងណាបំពេញខ្សែចង្វាក់ផលិតកម្ម កសិកម្មឲ្យបានពេញលេញ និងប្រសិទ្ធភាពតាមរយៈការកសាងហេដ្ឋារចនា សម្ព័ន្ធសមស្រប ប្រព័ន្ធធារាសាស្ត្រ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើកសិកម្មតាមកិច្ចសន្យា ការកែច្នៃ និងវេចខ្ចប់ ក្នុងគោលបំណងលើកកម្ពស់ទិន្នផល និងបង្កើនចំណូលរបស់ប្រជាកសិករ និងនាំចេញ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគលើផ្ទៃដីជាង២០០ហិកតា នៅខេត្តពោធិ៍សាត់ សម្រាប់ធ្វើការផ្សាំពូជស្រូវម្លិះហាយប្រីដ និងពូជស្រូវកន្តុល ការធ្វើស្រែបង្ហាញ និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពូជ និងផលិតពូជស្រូវផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងផែនការសកម្មភាពដែលលោកប្រធានក្រុមហ៊ុន ដែលបានបង្ហាញជូន ហើយលោករដ្ឋមន្ត្រីគាំទ្រ និងមានការពេញចិត្តចំពោះទស្សនៈរួមគ្នា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសន្យាថានឹងបន្តផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាផលិតពូជស្រូវសុទ្ធល្អ មានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ ដើម្បីឈានទៅដល់ការបង្កើនផលិតកម្មដំណាំស្រូវ ប្រកបដោយទិន្នផលខ្ពស់ និងឈានទៅធ្វើការនាំចេញស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរ ភាគីទាំងពីរបានឯកភាពគ្នារៀបចំ សេចក្តីព្រាង អនុស្សរណៈយោគយល់គ្នា និងលោករដ្ឋមន្ត្រីពិនិត្យលទ្ធភាព ក្នុងការធ្វើទស្សនកិច្ចផ្លូវទៅទីតាំងវិនិយោគរបស់ក្រុមហ៊ុន និងខេត្តចាងស៊ូ ប្រទេសចិននាពេលអនាគត៕